ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Monday, December 21, 2015

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ​នៃ​អង្គការសហប្រជាជាតិ (UNDPI)

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បាន​ចូល​សមាជិក នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ​នៃ​អង្គការសហប្រជាជាតិ (United Nations Department of Public Information (UNDPI) នៅពេល​ថ្មីៗ​នេះ ។​

UNDPI

លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ប្រព្រឹត្តទៅ​នៅ​រដ្ឋ washington សហរដ្ឋអាមេរិក នៅ​ថ្ងៃទី ១៩ ខែធ្នូ ម្សិលមិញ​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បាន​ចូល​សមាជិក នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ នៃ​អង្គការសហប្រជាជាតិ (United Nations Department of Public Information (UNDPI) នៅពេល​ថ្មីៗ​នេះ ។ លោក​ថា ការដែល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ជា​សមាជិក នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ គឺជា​ជំហាន​ជោគជ័យ​ថ្មី​មួយទៀត​ដែល​ខ្លួន​បានទទួល ក្នុងចំណោម​ជោគជ័យ​ផ្សេងៗ​ដែល​ទៀត​ដែល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្លាប់​បានទទួល​នាពេល​កន្លងមក ។​

លោក ចៅ សេរី បានបញ្ជាក់​ទៀតថា ផលប្រយោជន៍​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានទទួល​ពី​ការ​បាន​ចូល​ជា​សមាជិក នៃ​នាយកដ្ឋាន​នេះ នោះ រួមមាន អង្គការសហប្រជាជាតិ នឹង អនុញ្ញាត​ឲ្យ​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ៦ រូប អាច​ចូលធ្វើការ​ជាមួយ​នាយកដ្ឋាន ព័ត៌មាន​សាធារណៈ នៃ​អង្គការសហប្រជាជាតិ បាន​គ្រប់ពេលវេលា ។​

​នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ (DPI) នៃ​អង្គការសហប្រជាជាតិ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៤៦ ដើម្បី​លើកកម្ពស់​ការយល់ដឹង អំពី​ការងារ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ពិភពលោក ។ ព័ត៌មាន​ដែល​បាន​ផលិត​ដោយ​នាយកដ្ឋាន​ព័ត៌មាន​អង្គការសហប្រជាជាតិ រួមមាន វិទ្យុ​, ទូរទស្សន៍​, ការបោះពុម្ព​, អ៊ីនធឺណិត​, វីដេអូ​, ការធ្វើ​សន្និសីទ និង​ឧបករណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត ៕​

No comments: