ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Monday, December 07, 2015

ខ្មែរ​ក្រោម​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ​នៅ​ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម

អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ខួប​លើក​ទី ​៦៧ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ការ​ប្រារព្ធ​ពិធី​នេះ គឺ​ក្នុង​បំណង​ដើម្បី​ចូលរួម​អបអរ​សាទរ​ខួប​លើក​ទី​ ៦៧ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១០ ខែ​ធ្នូ ផង និង​ដើម្បី​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម ពី​សំណាក់​អាជ្ញាធរ​វៀតណាម ផង ។
នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​ ៦ ខែ​ធ្នូ ឆ្នាំ ​២០១៥ ។
នាយក ​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​ ៦ ខែ​ធ្នូ ឆ្នាំ ​២០១៥ ។ RFA
ពិធី​ជួប​ជុំ​នេះ បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​ មនុស្ស និង​អភិវឌ្ឍន៍ ដែល​ឋិត​នៅ​បុរី​សហគមន៍​ព្រៃ​នគរ ក្នុង​ភូមិ​គោកឃ្លាំង សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ដែល​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ជិត ២០០​នាក់​ចូលរួម រួម​ទាំង​ព្រះសង្ឃ​ផង​ដែរ ។
នៅ​ក្នុង​ពិធី​នោះ តំណាង​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ចាត់​ទុក​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ថា​គឺ​ជា​ព្រះ​ដ៏​ប្រសើរ​បំផុត ដែល​អាច​នាំ​មក​នូវ​សុភមង្គល​សម្រាប់​មនុស្ស​ជាតិ​ទូទាំង​ពិភពលោក ក្នុង​នោះ​ក៏​មាន​ខ្មែរ​ក្រោម​ផង​ដែរ ។ យ៉ាង​ណា​ក៏ដោយ ខ្មែរ​ក្រោម​លើក​ឡើង​ថា បើ​ទោះ​ជា​ពិភពលោក​មាន​សេចក្តី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ​ រយៈពេល ៦៧​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មាន​ជនជាតិ​មួយ​ចំនួន ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​ខ្មែរ​ក្រោម កំពុង​ទទួល​រង​នូវ​ភាព​អយុត្តិធម៌ ការ​ឈឺ​ចាប់ និង​គ្មាន​សិទ្ធិ​សេរីភាព​នៅ​ឡើយ ។
ពលរដ្ឋ​ខ្មែរ​ក្រោម លើក​ឡើង​ថា ចាប់​តាំង​ពី​ដែនដី​កម្ពុជា​ក្រោម ត្រូវ​បាន​បារាំង កាត់​ប្រគល់​ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង​ពី​ឆ្នាំ ​១៩៤៩ មក ខ្មែរ​ក្រោម​បាន​រស់នៅ​ក្នុង​ភាព​កណ្ដោច​កណ្ដែង និង​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ឥត​ឈប់​ឈរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ចំណែក​បុព្វបុរស​របស់​ខ្មែរ​ក្រោម ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម កាប់​សម្លាប់ ចាប់​ដាក់​គុក​ធ្វើ​ទារុណកម្ម និង​ការ​រើសអើង​ជាតិ​សាសន៍​ជា​បន្តបន្ទាប់ ។
ក្រៅ​តែ​ពី​លើក​ឡើង​អំពី​ទុក្ខ​វេទនា​របស់ ​ខ្មែរ​ក្រោម​នៅ​ក្នុង​ពិធី​នោះ អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ចែក​ចាយ​នូវ​របាយការណ៍​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម ដល់​អ្នក​ចូលរួម។ ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នោះ​មាន​ដូចជា កូន​ចៅ​ខ្មែរ​ក្រោម​គ្មាន​សាលា​រៀន​អក្សរសាស្ត្រ​ខ្មែរ​ស្រប​ច្បាប់ ខ្មែរ​ក្រោម​ខ្វះ​សេរីភាព​ក្នុង​ការ​គោរព និង​អនុវត្ត​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្លួន ខ្វះ​សេរីភាព​ក្នុង​ជំនឿ និង​ប្រតិបត្តិ​សាសនា ព្រម​ទាំង​ការ​ប្រឈម​ជាច្រើន​ផ្សេង​ទៀត ដូចជា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​ដោយ​សេរី ជាដើម ។
នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន កត់​សម្គាល់​បន្ថែម​ថា ក្រៅ​តែ​ពី​មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្មែរ​ក្រោម ដូច​បាន​រៀបរាប់​ខាង​ដើម អាជ្ញាធរ​វៀតណាម ក៏​បាន​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​ដល់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ឬ​ទៅ​សួរ​សុខ​ទុក្ខ​សាច់ញាតិ​នៅ​ដែនដី​កម្ពុជា​ក្រោម​ផង​ដែរ។ ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ គឺ​ស្ដែង​ឡើង​តាម​រយៈ​ការ​កោះ​ហៅ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ​ទៅ​សាកសួរ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​បារម្ភ និង​ភ័យ​ខ្លាច ហើយ​ដែល​អ្នក​ខ្លះ​ទៀត គឺ​មិន​ហ៊ាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​តែ​ម្តង ។
លោក សឺន ជុំជួន បញ្ជាក់​ថា ការ​ដែល​អាជ្ញាធរ​វៀតណាម ធ្វើ​ដូចនេះ គឺ​ដើម្បី​គំរាម​កុំ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ចាក​ចេញ​ពី​ស្រុក​កំណើត ហ៊ាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​តែ​ម្តង៖ «រដ្ឋាភិបាល​វៀតណាម មិន​ត្រូវ​និមន្ត​ព្រះសង្ឃ ឬ​ហៅ​ប្រជាពលរដ្ឋ​ទៅ​សួរ​ចម្លើយ នៅ​ពេល​ពួក​គាត់​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ឡើយ គួរ​ផ្តល់​ឲ្យ​ឱកាស​ឲ្យ​ខ្មែរ​ក្រោម​គ្រប់គ្រាន់ ក្នុង​ការ​សិក្សា​អក្សរសាស្ត្រ​របស់​ខ្លួន ជាពិសេស​គឺ​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​របស់​ខ្មែរ ទាក់ទង​នឹង​ការ​ទទួល​បាន​ព័ត៌មាន និង​ការ​បញ្ចេញ​មតិ ជាដើម។ រដ្ឋាភិបាល​វៀតណាម គួរ​តែ​ផ្តល់​ឱកាស​ឲ្យ​ខ្មែរ​ក្រោម ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​តាម​រយៈ​ការ​ស្តាប់​វិទ្យុ​នានា ដូចជា​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ជាដើម» ។
ដែនដី​កម្ពុជា​ក្រោម មាន​ខេត្ត-ក្រុង​ទាំងអស់​ចំនួន ​២១ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ ៧​ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា។ បច្ចុប្បន្ន មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ១២​លាន​នាក់​កំពុង​រស់នៅ​ទីនោះ និង​មាន​វត្ត​អារាម​សរុប​ប្រមាណ​ជិត ៦០០ ។ ដែនដី​នេះ ត្រូវ​បាន​ជនជាតិ​វៀតណាម លេប​ត្របាក់​បន្តិច​ម្តងៗ​តាំង​ពី​ដើម​សតវត្សរ៍​ទី​១៧។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៤៩ ក្រោម​ការ​គ្រប់គ្រង​របស់​អាណានិគម​និយម​បារាំង បារាំង បាន​កាត់​ទឹក​ដី​នេះ​ទៅ​ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។
ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ខ្មែរ​ក្រោម​តែង​រអ៊ូរទាំ​អំពី​ការ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម​ពី​សំណាក់​ រដ្ឋាភិបាល​វៀតណាម និង​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នានា​ដែល​អាជ្ញាធរ​វៀតណាម បាន​ធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ជា​ជនជាតិ​ដើម​នៅ​ទីនោះ ៕ RFA

No comments: