ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Friday, November 27, 2015

ព្រះសង្ឃ​ខ្មែរក្រោម​នៅតែ​បង្ហោះគោម ទោះបី​រដ្ឋាភិបាល​វៀតណាម​ហាមឃាត់​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
​ព្រះសង្ឃ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម នៅតែ​បង្ហោះគោម ក្នុង​ពិធីបុណ្យ​អកអំបុក បើទោះបី​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត វៀតណាម​ហាមឃាត់​យ៉ាងណាក៏ដោយ ។ ការ​បង្ហោះគោម​នេះ ត្រូវបាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅតាម​ភូមិ ស្រុក និង​វត្ត​អារាម​នានា​បង្ហោះ​យ៉ាង​គគ្រឹកគគ្រេង បន្ទាប់ពី​បាន​ផ្អាក​អស់​ជាច្រើន​ឆ្នាំកន្លងមក​ដោយ​សាររ​ដ្ឋា​ភិ​បាល​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម បានចេញ​សេចក្ដីសម្រេច​មួយ​ហាម​ពលរដ្ឋ​ទូទាំងប្រទេស មិន​ឲ្យ​បង្ហោះ គោម ចាប់ តាំងពី​ឆ្នាំ ២០០៩ មក ។ នៅក្នុង​ពិធី “​បុណ្យ​អកអំបុក​” ប្រចាំឆ្នាំ ពុទ្ធសករាជ ២៥៥៩ គ្រឹស​ក​រាជ ២០១៥ នេះ ព្រះសង្ឃ និង​ពល រដ្ឋ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម មិន​ត្រឹមតែ​ហ៊ាន​ចេញមុខ​ចំៗ​សាមគ្គី​គ្នា​បង្ហោះគោម ប៉ុណ្ណោះ​ទេ ថែមទាំង​បាននាំគ្នា​ថត ទិដ្ឋភាព​ពិធី​បង្ហោះគោម​ទាំងនោះ បង្ហោះ​ឡើង​បណ្ដាញ​សង្គម Facebook ដើម្បី​ផ្សព្វផ្សាយ យ៉ាង​ទួ​លំ​ទូលាយ​ទៀត ផង ។​
បង្ហោះគោមនៅកម្ពុជាក្រោម យប់ ១៥ កើត ខែកត្តិក ឆ្នាំ មមែ សប្ដស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។
​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ គង់នៅ​ក្នុង​វត្ត​មួយ នាទី​រួម​ខេត្ត​ព្រះ​ត្រពាំង បាន​សរសេរ​នៅលើ​ទំព័រ Facebook របស់ ព្រះអង្គ​ដោយបាន​ភ្ជាប់​ជាមួយនឹង​រូបថត​ពិធី​បង្ហោះគោម​ថា បើទោះបី​រដ្ឋាភិបាល​វៀត​ណា​ម​ហាមឃាត់​យ៉ាងណា ក៏​ព្រះអង្គ​នៅតែ​បង្ហោះ​ដែរ ព្រោះថា ការ​បង្ហោះគោម​ជា​ប្រពៃណី​របស់​ពលរដ្ឋ​ខ្មែរក្រោម មានមក​រាប់ពាន់​ឆ្នាំ​ហើយ ។​
ព្រះសង្ឃ​អង្គ​នេះ បាន​សេរ​សេរ​ថា​៖
“​ទោះបី​មិន​ឲ្យ​ក៏​បង្ហោះ​ដែរ ព្រោះ​ប្រពៃណី​ខ្មែរ​មាន​រាប់ពាន់​ឆ្នាំ​មកហើយ ខ្មែរ​ត្រូវតែ​រក្សា​ចឹ​ង ឆេះ​ក្បាល​អាណា​?”
Facebook
​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀង តឹង យ៉ុង បានចេញ​សេចក្ដីសម្រេច​មួយ​ចុះ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ និង​មាន​ប្រសិទ្ធិភាព​ចាប់ពី​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៩ បាន​ហាម​ពលរដ្ឋ​វៀតណាម​ទូទាំងប្រទេស មិន​ឲ្យ​បង្ហោះ គោម​គ្រប់រូប ភាព​តាម​អ្វីមួយ​ដែល​លោក​លើកឡើងថា ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ ។​
​ចាប់តាំងពី​មាន​សេចក្ដីសម្រេច​ហាម​មិន​ ឲ្យ​បង្ហោះគោម​នេះ​មក គេ​សង្កេតឃើញ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ នៅតាម​វត្ត អារាម និង​ភូមិ​ស្រុក​នានា​ទូទាំង​ដែនដី​កម្ពុជា​ក្រោម តិច​មាន​កម្មវិធី​បង្ហោះ​គោម​ខ្លាំងណាស់ នៅក្នុង​ពិធីបុណ្យ អកអំបុក ព្រោះ​ខ្លាច​អាជ្ញាធរ​វៀតណាម​ពិន័យ​ជា​ប្រាក់ និង​រករឿង​ចោទប្រកាន់ថា ប្រឆាំងនឹង​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន ជាដើម ។​
​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម​បាន​អះអាងថា ការដែល​រដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច​ហាម​មិន​ឲ្យ​ពលរដ្ឋ​បង្ហោះគោម នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​លុបបំបាត់​ប្រពៃណី​របស់​ខ្មែរ នៅ​កម្ពុជា​ក្រោម​ដែល​ធ្លាប់មាន តាំងពី បុរាណកាល​មក​តែ ប៉ុណ្ណោះ ។​
​ព្រះតេជព្រះគុណ ថាច់ សុវណ្ណ​តារា ព្រះសង្ឃ​វត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​) នៃ​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង សព្វថ្ងៃ ជា​សមណ​និស្សិត​កំពុងតែ​សិក្សា​នៅ​មហាវិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​ វិទ្យាល័យ នា​ខេត្ត​អយ​ធ្យា ប្រទេស ថៃ បាន​មាន​ថេរ​ដីកា ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ការដែល​រដ្ឋា​ភិ​បាន​វៀតណាម​ហាម​មិន​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ ក្រោម​បង្ហោះគោម​នេះ ជា​ចេតនា​មួយ​ក្នុងការ​លុបបំបាត់​វប្បធម៌ ប្រពៃណីជាតិ​ខ្មែរ​នៅ ដែនដី​កម្ពុជា​ក្រោម ។​
“​មូលហេតុ​ដែល​គេ​លើកឡើង​ចឹ​ង ក្នុង​គោលបំណង គេ​ចង់​លុបបំបាត់​វប្បធម៌​ទំនៀមទម្លាប់​របស់​ខ្មែរ​តែប៉ុណ្ណោះ ដើម្បី មិន​ឲ្យ​ចៅ​ខ្មែរ​យើង​ស្គាល់​វប្បធម៌​របស់​ជាតិ កាលណា​លែង​ស្គាល់​វប្បធម៌​របស់​ជាតិ​ហើយ ខ្លួនឯង ក៏​ចាប់ផ្ដើម អស់ ស្គាល់​តែម្ដង​” ។​
​ព្រះតេជព្រះគុណ ថាច់ សុវណ្ណ​តារា បាន​មាន​ពុទ្ធដីកា​បន្តទៀតថា ពេល​ព្រះអង្គ​នៅ​ស្រុក​មិនអាច​បង្ហោះគោម​ដោយ សេរីភាព​បានទេ ទើប​ពេល​មក​រៀន​ដល់​ប្រទេស​ថៃ ព្រះអង្គ និង​សមណ​និស្សិត​ខ្មែរក្រោម​ដទៃទៀត បានរួម​គ្នា ធ្វើ​កម្មវិធី “​បុណ្យ​អកអំបុក​” ទៅតាម​ប្រពៃណីជាតិ ក្នុងនោះ ក៏មាន​ពិធី​បង្ហោះគោម​ផងដែរ ដោយ​ព្រះអង្គ​លើកឡើងថា “​ដើម្បី ធ្វើ​ឲ្យ​គោម​ខ្មែរក្រោម​របស់​ព្រះអង្គ​បាន​ហោះ​ឡើង​ដោយ​សេរីភាព​” ។​
​ព្រះតេជព្រះគុណ ថាច់ សុវណ្ណ​តារា មាន​ពុទ្ធដីកា​ថា​៖
“​កម្មវិធី​បង្ហោះគោម​ជាការ​ពិសេស​បំផុត ព្រោះ​នៅ​កម្ពុជា​ក្រោម យើង​បង្ហោះ​មិនបាន​សេរីភាព ចឹ​ង​ទេ ពេល​អាត្មា​មក ដល់​ប្រទេស​ថៃ​ហើយ គឺត្រូវធ្វើ​ម៉េច​ឲ្យ​គោម​ហ្នឹង​ហោះ​ឡើង​ដោយ​សេរីភាព​” ។​
​បង្ហោះគោម​ជា​ពិធី​ដ៏​សំខាន់​មួយ ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម តែង​តែង​បង្ហោះ​នៅតាម​វត្ត​អារាម នានា នៅក្នុង​ពិធីបុណ្យ​អកអំបុក រៀងរាល់ឆ្នាំ នា​រាត្រី​ថ្ងៃ ១៥ កើត​ខែ​ក​ត្ដិក ៕​

No comments: