ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Tuesday, October 06, 2015

អ្នកស្រី ថាច់ ធី ភុ​ក ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង ចំណាយពេល ១៥ ឆ្នាំ ទាមទារ​ដីធ្លី​ពី​រដ្ឋាភិបាល​យួន ដែល​ត្រួវ​អាជ្ញាធរខេត្ត​ព្រះ​ត្រពាំង​រឹប​យក នៅ​មិនទាន់​រកឃើញ​យុត្តិធម៌

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅពេល​ថ្មី​នេះ បណ្ដាញ​សង្គម Facebook បាន​ចុះផ្សាយ​នូវ​ដំណឹង​មួយ​ស្ដីពី​ការបាត់​ខ្លួន​អ្នក​តវ៉ា ដីធ្លី​ខ្មែរក្រោម​ម្នាក់ ឈ្មោះ ថាច់ ធី ភុ​ក (Thạch Thị Phúc) នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​បានធ្វើ​ដំណើរ ដោយ​ខ្លួនឯង​ទៅ​ទីក្រុង​ហាណូយ ដើម្បី​ប្ដឹង​រដ្ឋាភិបាល​វៀតណាម​ដល់​ថ្នាក់មជ្ឈិម​អំពី​រឿង​អាជ្ញាធរ យួន​ខេត្ត​ព្រះ​ត្រពាំង បាន​រឹប​យក​ដី​កេរ​របស់គាត់ កាលពី​ឆ្នាំ ២០០០ ដើម្បី​សាង​កសាង​ស្ថានីយ៍​អនុស្សាវ​រី​យ៍​ខេត្ត​ព្រះ​ត្រពាំង ដែលមាន​មូលដ្ឋាន​នៅមុខ​វត្ត​សំរោង​ឯក ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ដោយ​មិនបានផ្ដល់​សំណង​ដល់​ម្ចាស់​ដី​ទៅតាម​តម្លៃ​ទីផ្សារ​ឡើយ ។​
ស្ថានីយ៍​អនុស្សាវ​រី​យ៍​ខេត្ត​ព្រះ​ត្រពាំង មាន​មូលដ្ឋាន​នៅមុខ​វត្ត​សំរោង​ឯក ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ។ ​
ស្ថានីយ៍​អនុស្សាវ​រី​យ៍​ខេត្ត​ព្រះ​ត្រពាំង មាន​មូលដ្ឋាន​នៅមុខ​វត្ត​សំរោង​ឯក ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ។ ​
យោងតាម​រូបថត​មួយ​សន្លឹក​ដែល​ម្ចាស់​គណនី Facebook ឈ្មោះ ទ្រិ​ន បា ទឺ (Trinh Ba Tu) ចេញផ្សាយ​កាលពី​ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៥ បង្កា​ញ​ពី​អ្នកស្រី ថាច់ ធី ភុ​ក កំពុងតែ​រែក​បង្វិច សម្ពាយ​ឥ​វ៉ាន់​អេតចាយ​បណ្ដើរ ស្រែកយំ​បណ្ដើរ និង​ដៃ​កាន់​បដា​សរសេរ​អក្សរ​យួន​ពណ៌​ក្រហម ស្ដីពី​ការទាមទារ​ដីធ្លី​របស់ខ្លួន នៅមុខ​ការិយាល័យ​ក្រសួង​ស៊ើបអង្កេត​នៃ​រដ្ឋាភិបាល​យួន នៅ​ខេត្តហា​ដុង នា​រដ្ឋធានី​ហាណូយ ។ ម្ចាស់​គណនី Facebook បាន​សរសេរ​ជា​អក្សរ​យួន​ថា ៖" ត្រូវ​មន្ត្រី [​យួន​] ពុករលួយ ខេត្ត​ត្រា​វិញ​ប្លន់​យក​ដី​អស់​ ។ អ្នកស្រី ថាច់ ធី ភុ​ក ជា​ជនជាតិខ្មែរ បានធ្វើដំណើរ​អនាថា ដើរ​រើស​របស់​សំណល់​នៅតាម​ផ្លូវ នៅ​ហាណូយ ដើម្បី​រស់​ប្រចាំថ្ងៃ និង​ដើម្បី​ប្ដឹង [​រដ្ឋាភិ​បាល​យួន​] រឿង​ដីធ្លី​" ។
​ម្ចាស់ Facebook បាន​សរសេរ​បន្តទៀត​ថា​៖ " ប៉ុន្មាន​ខែ​នេះ យើង​មិនបាន​ជួប​គាត់​ទៀត ។ មិនដឹងថា ជីវិត​របស់គាត់​យ៉ាងណា​?" ។
​យោងតាម​ព័ត៌មាន​មួយ ​ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​រដ្ឋ នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួនឈ្មោះ ជីវិត និង ច្បាប់ (www.doisongphapluat.com) បានចេញ​ផ្សាយ​អត្ថបទ​មួយ​ទាក់ទង ​នឹងរឿងរ៉ាវ​អ្នកស្រី ថាច់ ធី ភុ​ក ថា នៅ​ឆ្នាំ ២០០០ កាលពី ១៥ ឆ្នាំ​កន្លងទៅនេះ អាជ្ញាធរខេត្ត​ព្រះត្រពាំង នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន បាន​រឹប​យក​ដី​កេរ​របស់​គ្រួសារ​អ្នកស្រី ថាច់ ធី ភុ​ក និង​ចាប់បង្ខំ​ឲ្យ​ទទួល​សំណង​ថ្លៃ ៦ លាន ៤ សែន ដុង ប្រមាណ ៣០០ ដុល្លារ​សហរដ្ឋអាមេរិក ។ ក្រោយពី​ការ​រឹប​យក អាជ្ញាធរ​យួន​បាន​បណ្ដេញ​អ្នកស្រី​ចេញពី​គ​ផ្ទះសម្បែង ដោយ​មិនបាន​សង់ផ្ទះ ជូន​អ្នកស្រី​ឡើងវិញ និង​មិនបាន​ផ្ដល់​សំណង​សមរម្យ​ទៅតាម​តម្លៃ​ទីផ្សារ​ឡើយ ។ អាស្រ័យ​ហេតុនេះ អ្នកស្រី​បាន​ប្ដឹងតវ៉ា​នៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​នៃ​រដ្ឋាភិបាល​យួន​ តែ​មិនមាន​ដំណោះស្រាយ​ឡើយ ។
យោងតាម​ព័ត៌មាន​ដដែល អ្នកស្រី ថាច់ ធី ផុ​ក បាន​រៀបរាប់ថា​៖ " ក្រោយពី​អំពើ​អយុត្តិធម៌​បានកើតឡើង ខ្ញុំ​បាន​ដើរ​សព្វ​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​ប្ដឹងតវ៉ា ។ ប្រាក់​ក្នុង​ថង់​គ្មាន​នៅសល់​មួយ​កាក់ ។ ខ្ញុំ​ត្រូវខ្ចីបុល​គេ​នៅ​កន្លែង​ដើម្បី​ទៅប្ដឹង ។ ប​ច្ច​ប្បន្នប្រាក់​បំណុល​មាន​ច្រើន​លើសលប់​" ។​


​អ្នកស្រី ថាច់ ធី ភុ​ក ​រែក​បង្វិចសម្ពាយ​ឥ​វ៉ាន់​អេតចាយ​ ស្រែកយំ​ប ដោយ​ដៃ​កាន់​បដា​សរសេរ​អក្សរ​យួន​ពណ៌​ក្រហម ស្ដីពី​ការទាមទារ​ដីធ្លី​របស់ខ្លួន នៅមុខ​ការិយាល័យ​ក្រសួង​ស៊ើបអង្កេត​នៃ​រដ្ឋាភិបាល​យួន នៅ​ខេត្តហា​ដុង នា​រដ្ឋធានី​ហាណូយ ។
​អ្នកស្រី ថាច់ ធី ភុ​ក ​រែក​បង្វិចសម្ពាយ​ឥ​វ៉ាន់​អេតចាយ​ ស្រែកយំ​ប ដោយ​ដៃ​កាន់​បដា​សរសេរ​អក្សរ​យួន​ពណ៌​ក្រហម ស្ដីពី​ការទាមទារ​ដីធ្លី​របស់ខ្លួន នៅមុខ​ការិយាល័យ​ក្រសួង​ស៊ើបអង្កេត​នៃ​រដ្ឋាភិបាល​យួន នៅ​ខេត្តហា​ដុង នា​រដ្ឋធានី​ហាណូយ ។

​ក្រោយពី​តវ៉ា​នៅ​ថ្នាក់មូលដ្ឋាន​អស់​រយៈពេល ១៤ ឆ្នាំ មិនមាន​លទ្ធផល នៅ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៤ កន្លងទៅនេះ អ្នកស្រី ថាច់ ធី ភុ​ក ជា​ពលរដ្ឋ​ខ្មែរក្រោម​តែ​ម្នាក់​គត់ ដែល​បាន​នាយក​ក្រសួង​ស៊ើបអង្កេត​នៃ​រដ្ឋាភិបាល​វៀ​ត​ណា​ម លោក វិ​ន ផុង ត្រាន់ (Huỳnh Phong Tranh) ឲ្យ​ចូលជួប​នៅ​ការិយាល័យ​មជ្ឈិម​នា​រដ្ឋ​ធានី​ហាណូយ ដើម្បី​ជម្រាប​អំពី​រឿង​អយុត្តិធម៌​របស់ខ្លួន ។​
​ប្រភព​ព័​ត៌មាន​ដដែល​បាន​ស្រង់​សម្ដី​អគ្គនាយក​ស៊ើបអង្កេត​នៃ​រដ្ឋាភិបាល​វៀ​ត​ណា​ម លោក វិ​ន ផុង ត្រាន់ (Huỳnh Phong Tranh) បានបញ្ជាក់​អំពី​ដំណោះស្រាយ​បញ្ហាដីធ្លី​ជូន​អ្នកស្រី ថាច់ ធី ភុ​ក ថា​៖ "​ការ​រឹប​យក​ដីធ្លី​ដើម្បី​សាងសង់​ស្ថានីយ៍​អនុស្សាវរីយ៍​ខេត្ត​ព្រះ​ត្រពាំង ក្នុង​គោល​បំ​ណា​ង​សាងសង់​ស្ថាបត្យកម្ម​វប្បធម៌​សាធារណៈ និង​ដើម្បី​កែលម្អ​ទីក្រុង ជា​កិច្ច​ការដែល​ត្រូវ​ទិសដៅ​" ។
​បន្ទាប់ពី​បាន​ស្ដាប់​ការរៀបរាប់​របស់អ្នកស្រី ថាច់ ធី ផុ​ក លោក វិ​ន ផុង ត្រាន់ បានបញ្ជាក់កាលពី​ឆ្នាំ ២០១៤ ថា​៖ " ក្រសួង​របស់លោក នឹងធ្វើ​សហការ​ជាមួយ នឹង​មន្ទីរ​ស៊ើបអង្កេត​ខេត្ត​ព្រះត្រពាំង (Thanh Tra tỉnh Trà Vinh) ដើម្បី​ពិនិត្យមើល​ករណីនេះ​ឲ្យ​បានច្បាស់លាស់ រួច​នឹងធ្វើរបាយការណ៍​លោកនាយក​រដ្ឋមន្ត្រី [​វៀតណាម​]" ។
យោងតាម​ប្រភពព័ត៌មាន​រដ្ឋ​វៀតណាម​ដដែល​ បាន​បញ្ជាក់ថា អ្នកស្រី ថាច់ ធី ភុ​ក បាន​ប្ដឹង​ទាមទាររដ្ឋាភិបាល​វៀតណាម​ចំនួន ៣ ចំណុច គឺទីមួយ អាជ្ញាធរ​ត្រូវ​ផ្ដល់​សំណង​ថ្លៃ​ដី​ឲ្យ​ត្រូវ​ទៅតាម​តម្លៃ​ទីផ្សារ​ ។ ទី​ពីរ ត្រូវ​ផ្ដល់​លំនៅឋាន​ថ្មី​សម្រាប់​រស់​នៅ​ដោយ​សមរម្យ និង​ទី​បី ត្រូវ​សង​ថ្លៃ​ចំណាយ​របស់គាត់ ​ដែល​បាន​ចាយ​រយៈពេល ១៤ ឆ្នាំ ក្នុងការ​តវ៉ា​រឿង​ដីធ្លី​នេះ ។​
រហូតមកដល់​ឆ្នាំ ២០១៥ នេះ មាន​រយៈពេល ១៥ ឆ្នាំ ហើយ​គ្រួសារ​អ្នកស្រីត្រូវ​អាជ្ញាធរ​វៀតណាម រឹប​យក​ដីធ្លី​កេរ​ដូនតា ។ តើ​ស្ថានភាព​គ្រួសារ​របស់​អ្នកស្រី ថាច់ ធី ភុ​ក យ៉ាងណា និង​ការតវ៉ា​របស់ គាត់​បាន​លទ្ធផល​យ៉ាងណា វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​នៅឡើយទេ ៕


No comments: