ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Monday, September 14, 2015

ខ្មែរ​ក្រោម​ប្ដេជ្ញា​បន្ត​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​នៅ​ដែនដី​កម្ពុជា​ក្រោម


អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ កញ្ញា ថ្លែង​ប្ដេជ្ញា​បន្ត​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​របស់​ខ្លួន សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​លើ​ដែនដី​កម្ពុជា​ក្រោម​សព្វថ្ងៃ។ ការ​បង្ហាញ​ជំហរ​ជា​ថ្មី​របស់​ខ្មែរ​ក្រោម​នេះ ធ្វើ​ឡើង​ចំ​ខួប​លើក​ទី​៨ ទិវា​អង្គការ​សហប្រជាជាតិ ចេញ​សេចក្តី​ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០០៧។
ខួប​លើក​ទី​៨ ទិវា​អង្គការ​សហប្រជាជាតិ ចេញ​សេចក្តី​ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០០៧ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Yeang Socheametta

ខ្មែរ​ក្រោម​មើល​ឃើញ​ថា បើ​ទោះ​ជា​ប្រទេស​វៀតណាម ជា​សមាជិក​អង្គការ​សហប្រជាជាតិ ដែល​ទទួល​ស្គាល់​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ក្តី ប៉ុន្តែ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​មិន​បាន​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ជា​ជនជាតិ​ដើម ឲ្យ​បាន​ពេញ​លេញ​ឡើយ។

កត្តា​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា រៀបចំ​កម្មវិធី​ជួប​ជុំ​អបអរ​សាទរ និង​ផ្សព្វផ្សាយ​អំពី​សេចក្តី​ប្រកាស​របស់​ជនជាតិ​ដើម​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ទូទៅ ឲ្យ​ដឹង ឲ្យ​យល់​អំពី​ខ្លឹមសារ​នានា​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស និង​ដើម្បី​សម្ដែង​ការ​បារម្ភ​របស់​ពួក​គេ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម។

តួលេខ​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ថា ជនជាតិ​ដើម​លើ​ពិភពលោក​មាន​ប្រមាណ ៣៧០​លាន​នាក់​រស់នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ។ ពួក​គេ​ទាំង​នោះ កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កាន់​កាប់​ដីធ្លី វប្បធម៌ ភាសា និង​ប្រពៃណី​ផ្សេងៗ។
ដោយឡែក​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​វិញ ខ្លឹមសារ​សំខាន់ៗ​នៃ​សេចក្តី​ប្រកាស​នេះ​ចែង​ថា ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ស្វ័យ​សម្រេច នោះ​មាន​ន័យ​ថា ជនជាតិ​ដើម​ភាគ​តិច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​ឋានៈ​នយោបាយ​របស់​ខ្លួន ​ដោយ​សេរី និង​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ខ្លួន​ដោយ​សេរី និង​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លើ​រាល់​បញ្ហា ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួក​គេ តាម​រយៈ​តំណាង​ដែល​ជ្រើស​តាំង​ដោយ​ពួក​គេ​ផ្ទាល់។
ទាក់ទង​នឹង​ការ​ប្រតិបត្តិ​វប្បធម៌​វិញ ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឲ្យ​រស់​រវើក​ឡើង​វិញ​នូវ​ប្រពៃណី និង​ទំនៀមទម្លាប់​ជា​វប្បធម៌​របស់​ខ្លួន។ សិទ្ធិ​នេះ​រួម​មាន សិទ្ធិ​ក្នុង​ការ​ថែរក្សា ការពារ និង​អភិវឌ្ឍ​អ្វីៗ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន ដែល​មាន​ពី​អតីត​កាល បច្ចុប្បន្ន និង​អនាគត ដូចជា​តំបន់​បុរាណវិទ្យា តំបន់​ប្រវត្តិសាស្ត្រ បុរាណ​វត្ថុ រចនាបថ ពិធី​បុណ្យ បច្ចេកវិទ្យា ការ​សម្ដែង​សិល្បៈ និង​ការ​ថែរក្សា​អក្សរសាស្ត្រ​ជាតិ​ជាដើម។
ជាង​នេះ​ទៀត ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ប្រើប្រាស់ អភិវឌ្ឍ និង​ផ្ទេរ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ពួក​គេ​នូវ​ប្រវត្តិសាស្ត្រ ភាសា ច្បាប់​ទម្លាប់ ទស្សនវិជ្ជា ប្រព័ន្ធ​នៃ​ការ​សរសេរ និង​អក្សរសាស្ត្រ ព្រម​ទាំង​ធ្វើ​ការ​កំណត់​ឈ្មោះ និង​រក្សា​ឈ្មោះ​របស់​ពួក​គេ​ដោយ​ខ្លួន​ឯង សម្រាប់​សហគមន៍ ទីកន្លែង និង​បុគ្គល។ ជនជាតិ​ដើម​ភាគ​តិច ក៏​មាន​សិទ្ធិ​បង្កើត និង​គ្រប់គ្រង​ស្ថាប័ន និង​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន​ដោយ​ផ្តល់​ការ​អប់រំ​ជា​ភាសា​របស់​ខ្លួន​ ផ្ទាល់ ព្រម​ទាំង​មាន​សិទ្ធិ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ប្រើ​ភាសា​របស់​ ខ្លួន និង​មាន​សិទ្ធិ​ប្រើប្រាស់​តាម​គ្រប់​រូបភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ រដ្ឋ ដោយ​គ្មាន​ការ​រើសអើង​ឡើយ។
ចំណែក​ជនជាតិ​ដើម​ដែល​ត្រូវ​បាន​បែង​ចែក​ដោយ​ព្រំដែន​អន្តរជាតិ​ដូច​ ខ្មែរ​ក្រោម​វិញ ពួក​គេ​មាន​សិទ្ធិ​រក្សា និង​បង្កើត​ទំនាក់ទំនង ប្រាស្រ័យ​ទាក់ទង សហការ​គ្នា​ក្នុង​គោល​បំណង​ខាង​ជំនឿ​សាសនា វប្បធម៌ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ជាមួយ​នឹង​សមាជិក​ផ្ទាល់​របស់​ពួក​គេ ព្រម​ទាំង​ជាមួយ​អ្នក​ដទៃ​ទៀត​ដែល​នៅ​ក្រៅ​ព្រំដែន។
យ៉ាង​ណា​ក៏ដោយ អង្គការ​ខ្មែរ​ក្រោម​មើល​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម មិន​ទាន់​បាន​គោរព​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​ក្រោម ដូច​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ នេះ​នៅ​ឡើយ។
នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម កំពុង​ប្រឈម​បញ្ហា​ធំៗ​ចំនួន​៣ ក្នុង​នោះ​រួម​មាន បញ្ហា​ការ​ប្រតិបត្តិ​ជំនឿ​សាសនា ការ​ថែរក្សា​វប្បធម៌ និង​អក្សរសាស្ត្រ​ជាតិ​ខ្មែរ។ លោក​ថា នៅ​កម្ពុជា​ក្រោម​សព្វថ្ងៃ វិស័យ​ព្រះពុទ្ធ​សាសនា​ខ្មែរ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វៀតណាម រាប់​ទាំង​ការ​រៀបចំ​រចនាសម្ព័ន្ធ​នៅ​តាម​វត្ត​អារាម ឬ​ការ​រៀបចំ​ពិធី​បំបួស​ព្រះសង្ឃ​ជាដើម គឺ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ទាំងអស់។ លោក សឺន ជុំជួន ចាត់​ទុក​សកម្មភាព​នេះ​ថា​ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ច​ការងារ​ផ្ទៃ​ក្នុង​ ព្រះពុទ្ធ​សាសនា និង​វត្ត​អារាម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ពី​សំណាក់​អាជ្ញាធរ​វៀតណាម៖ «យើង​ចង់​បាន​សិទ្ធិ​ស្វ័យ​សម្រេច​របស់​យើង រៀបចំ​ដោយ​ខ្លួន​ឯង នេះ​ខាង​វិស័យ​សាសនា រីឯ​វិស័យ​វប្បធម៌​វិញ យើង​មើល​ឃើញ​ថា រមណីយដ្ឋាន ឬ​តំបន់​បុរាណ​ផ្សេងៗ ត្រូវ​បាន​គេ​លុប​បំបាត់ ដូចជា​ប្ដូរ​ឈ្មោះ​ទៅ​ជា​ភាសា​របស់​គេ​វិញ ខ្មែរ​យើង​អាច​បាត់បង់​ឈ្មោះ​របស់​ខ្មែរ ហើយ​ក្លាយ​ទៅ​ជា​តំបន់​របស់​វៀតណាម ទៅ​វិញ»
លើស​ពី​នេះ លោក​ថា សូម្បី​តែ​សម្លៀកបំពាក់​សិល្បៈ ភ្លេង ឬ​ចម្រៀង​របស់​ខ្មែរ​មួយ​ចំនួន ក៏​ត្រូវ​បាន​វៀតណាម បង្ខំ​ឲ្យ​ក្លាយ​ទៅ​ជា​បែបបទ​របស់​ពួក​គេ​ផង​ដែរ។ ទាក់ទង​នឹង​ការ​សិក្សា​អក្សរសាស្ត្រ​ប្រវត្តិសាស្ត្រ​ជាតិ​ខ្មែរ​វិញ លោក​ថា​អាជ្ញាធរ​នៅ​រឹត​បន្តឹង​នៅ​ឡើយ៖ «រដ្ឋាភិបាល​វៀតណាម ផ្តល់​ការ​សិក្សា​ឲ្យ​ខ្មែរ​ក្រោម គឺ​មាន​កម្រិត គេ​ឲ្យ​យើង​សិក្សា​តែ​អ្វី​ដែល​គេ​អនុញ្ញាត​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​យើង​ទាមទារ គឺ​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ដែល​នៅ​តែ​ត្រូវ​បាន​វៀតណាម រឹត​បន្តឹង»
កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ឃ្លាំង ចំនួន ២​អង្គ គឺ​ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន និង​ពលរដ្ឋ​ខ្មែរ​ក្រោម ២​នាក់​ផ្សេង​ទៀត គឺ​លោក ថាច់ ភូមិរាជ និង​លោក ថាច់ ថា ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ព្រះ​កាយ និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ២ ដល់ ៦​ឆ្នាំ។ អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា ការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ ដោយសារ​ពួក​គេ​បាន​ព្យាយាម​បង្កើត​សាលា​រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត។ ប៉ុន្តែ​ខាង​អាជ្ញាធរ​វៀតណាម វិញ បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម និង​ការ​រៀបចំ​ឲ្យ​អ្នក​ដទៃ​រត់​ទៅ​ក្រៅ​ប្រទេស។
នេះ​ជា​លើក​ទី​១ ដែល​ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម។ កញ្ញា ញឹក ស្រីតូច សព្វថ្ងៃ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ និយាយ​ថា កញ្ញា​ចូលរួម​ជាមួយ​ខ្មែរ​ក្រោម​ពេល​នេះ ដោយសារ​កញ្ញា​ចង់​ដឹង​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម ពិសេស​ចង់​ដឹង​ថា តើ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​កំពុង​ជួប​ប្រទះ​ការ​លំបាក​អ្វី​ខ្លះ?៖ «ខ្ញុំ ​មក​ដើម្បី​លើក​ទឹក​ចិត្ត ជួយ​ជា​គំនិត​យោបល់ ខ្ញុំ​ក៏​បាន​ចំណេះ​ដឹង ហើយ​ខ្ញុំ​នឹង​យក​ទៅ​ប្រាប់​ក្រុម​ការងារ​របស់​ខ្ញុំ ឬ​មិត្តភ័ក្ដិ​ឲ្យ​ដឹង​ពី​បញ្ហា​របស់​ខ្មែរ​ក្រោម»
អង្គការ​ខ្មែរ​ក្រោម ប៉ាន់​ប្រមាណ​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ៨​លាន​នាក់​កំពុង​រស់នៅ​លើ​ដែនដី​កម្ពុជា​ក្រោម ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។
យ៉ាង​ណា​ក៏ដោយ លោក សឺន ជុំជួន ថ្លែង​ថា អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស នឹង​ខិតខំ​ផ្សព្វផ្សាយ​បញ្ហា​របស់​ខ្មែរ​ក្រោម​ទៅ​កាន់​សហគមន៍​អន្តរជាតិ ជាពិសេស គឺ​អង្គការ​សហប្រជាជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា ដើម្បី​ឲ្យ​ពួក​គេ​ជួយ​ខ្មែរ​ក្រោម​តាម​ដែល​អាច​ធ្វើ​បាន។
ចំណែក​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យន្ត ថារូ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ដែរ​នោះ លោក​បាន​អំពាវនាវ​ឲ្យ​ខ្មែរ​ក្រោម​ទាំងអស់ ស្វែង​យល់​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម ហើយ​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​តែ​មួយ ដើម្បី​ជួយ​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម។
របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​ស្រាវជ្រាវ​សន្តិភាព នៃ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម រស់នៅ​មាន​ភាព​តែលតោល គ្មាន​សិទ្ធិ​សេរីភាព គ្មាន​ទីពឹង​ពាក់ រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច និង​អស់​សង្ឃឹម។ ចំណែក​ការ​អប់រំ​វិញ ពលរដ្ឋ​ខ្មែរ​ក្រោម​គ្មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ជា​ភាសា​ខ្មែរ​ឡើយ។ ចំពោះ​អ្នក​ដែល​អាច​រៀន​សូត្រ​ភាសា​ខ្មែរ​បាន​មាន​ចំនួន​តិចតួច។ ពួក​គេ​ភាគ​ច្រើន​ជា​មនុស្ស​ប្រុស​ដែល​ទៅ​រៀន​សូត្រ​នៅ​តាម​វត្ត​អារាម។ លទ្ធផល​ក៏​បង្ហាញ​ដែរ​ថា បញ្ហា​ដែល​ខ្មែរ​នៅ​កម្ពុជា​ក្រោម​កំពុង​ជួប​ប្រទះ រួម​មាន ធ្វើ​ស្រែ​បាន ប៉ុន្តែ​តម្លៃ​ស្រូវ​ទាប ស៊ី​ឈ្នួល​គេ​បាន​កម្រៃ​តិច អំពើ​អយុត្តិធម៌ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ ខ្វះ​ការ​អប់រំ ភាព​ក្រីក្រ ជាពិសេស​ពួក​គេ​គ្មាន​សិទ្ធិ​បញ្ចេញ​មតិ និង​ធ្វើ​ការ​តវ៉ា៕


No comments: