ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Sunday, September 13, 2015

ចៅអធិការ​វត្ត​សាមគ្គី​រង្សី​៖ វៀតណាម​ប្រើ​យុទ្ធ​សាស្រ្ត​ថ្មី​តែងតាំង​ចៅអធិការ​វត្ត​នៅ​កម្ពុជា​ក្រោម​ដើម្បី​លុប​បំបាត់​វប្បធម៌ សាសនា​ខ្មែរ​​

​ចៅអធិការ​វត្ត​សាមគ្គី​រង្សី មាន​ថេរ​ដីកា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា វៀតណាម​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​តែងតាំង​ចៅអធិការ​វត្ត​នៅ​ក្នុង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​លុបបំបាត់​វប្បធម៌ សាសនា និង​ការអប់រំ​ភាសា​ខ្មែរ​នៅ​តំបន់​នោះ​ ។​
ព្រះអង្គ ថាច់ ហា​សំអាង ​ចៅអធិការ​វត្ត​សាមគ្គី​រង្សី ក្នុង​ពិធី​អបអរ​សារ​ទរ​ខួប​ឆ្នាំ​ទី​៨​ នៃសេចក្តីប្រកាសរបស់អង្កគារសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម នៅ​ថ្ងៃ ​១៣ ខែ​កញ្ញា (រូបថត៖ ណាត សុភាព)


​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​ព្រះ​តេជ​គុណ ថាច់ ហា​សំអាង មាន​ថេរ​ដីកា​បែបនេះ នៅ​ពិធី​អបអរ​សារ​ទរ​ខួប​ឆ្នាំ​ទី​៨​ នៃសេចក្តីប្រកាសរបស់អង្កគារសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម នៅ​ថ្ងៃ​១៣ ខែ​កញ្ញា ដែល​រៀបចំ​ដោយ​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​។ ក្រោម​ប្រធានបទ “​លើកកម្ពស់​ការយល់ដឹង និង​ការគោរព​សិទ្ធិ​ខ្មែរក្រោម ជា​ជនជាតិដើម​” នៅ​វត្ត​សាមគ្គី​រង្សី ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ព្រះអង្គ ថាច់ ហា​សំអាង មាន​ដេរ​ដីកា​ថា បច្ចុប្បន្ននេះ វៀតណាម​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​គំរាមកំហែង និង​ចាប់​ផ្សឹក​ព្រះចៅអធិការ​វត្ត​ណា​ដែល​មាន​និន្នាការ​ប្រឆាំង​និង​រដ្ឋាភិបាល ដើម្បី​លើក​បណ្តុប​ចៅអធិការ​វត្ត​ថ្មី​ជំនួស​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​វៀតណាម ដើម្បី​ធ្វើឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​បាត់បង់​វប្បធម៌ សាសនា និង​ភាសា​ខ្មែរ រួម​ទាំង​លែង​មាន​ការគាំទ្រ​ពីប្រ​ជា​ពលរដ្ឋ​ខ្មែរ ពោល “​មាន​វត្ត គ្មាន​កន្លែង​បង្រៀន​ភាសា​ខ្មែរ គ្មាន​ពុទ្ធ​បរិស័ទ្ធ​ទៅ​ធ្វើបុណ្យ និង​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​លែង​ឲ្យ​កូនទៅ​បួស​ធ្វើ​ព្រះសង្ឃ​”​។​


​ព្រះអង្គ ថាច់ ហា​សំអាង មាន​ថេរ​ដីកា​ទៅកាន់​ព្រះសង្ឃ​កម្ពុជា​ក្រោម និង​ប្រជា​ពល​ខ្មែរ​កណ្តាល រួបរួម​គ្នា​ការពារ​វប្បធម៌​ខ្មែរ និង​ទាមទារ​សិទ្ធិសេរីភាព​ជូន​ខ្មែរ​កម្ពុជា​ក្រោម រួមមាន សិទ្ធិ​សាសនា សិទ្ធិ​នយោបាយ សិទ្ធិ​រស់រាន​មានជីវិត​ដោយ​មិន​មាន​ការគំរាមកំហែង​ស្របតាម​ច្បាប់​អន្តរជាតិ​។​

​មាត្រា​៥ នៃ​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​ចោល​រាល់​ទម្រង់​នៃ​ការរើសអើង ប្រកាន់​ពូជសាសន៍ ឆ្នាំ​១៩៦៥ មាន​ខ្លឹមសារ​ថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ដោយ​ឥត​បែងចែក​រវាង​ភេទ ពណ៌​សម្បុរ សញ្ជាតិ ឬ​ជនជាតិ​អ្វី​ឡើយ​។​

​កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​១៩៧៧ ប្រទេស​វៀតណាម​ក៏​បាន​ទទួលស្គាល់​ផ្តល់​សច្ចាប័ន និង​ចុះហត្ថលេខា​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ក្នុង​ការទទួល​បាន​ការ​អប់រំ សិទ្ធិ​ក្នុង​ការចូលរួម និង​បង្កើត​សមាគម សិទ្ធិ​កុមារ សិទ្ធិ​ការពារ​ក្នុងការ​ធ្វើ​ទារុណកម្ម​លើ​អ្នកទោស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការពារ​ការរើសអើង ប្រកាន់​ពូជសាសន៍ សាសនា ជំនឿ និង​ការពារ​ជនជាតិដើម​ភាគតិច​។​

VOD មិនទាន់​សុំ​ការបំភ្លឺ​ពី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា​ជុំវិញ​ការចោទប្រកាន់​នេះ នៅឡើយ​ទេ​។​

​ព្រះអង្គ ថាច់ ហា​សំអាង មាន​ថេរ​ដីកា​បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជា​ក្រោម​មាន​២៣​ខេត្ត ក្នុងនោះ​មាន​វត្ត​សរុប​៦៦៥ និង​មាន​ព្រះសង្ឃ​ប្រហែល​២​ម៉ឺន​អង្គ ​៕
...............
ប្រភព VOD

No comments: