ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Friday, August 07, 2015

ព្រះតេជគុណ សឺន ហៃ និរទេស​ខ្លួន​ដើម្បី​សុវត្ថិភាព

ដោយ  l ភ្នំពេញប៉ុស្តិ៍

ព្រះតេជគុណ សឺន ហៃ ដែល​ជា​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​​តែងតែ​ចេញ​មុខ​តវ៉ា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ទទួល​ស្គាល់​បូរណភាព​ទឹកដី​កម្ពុជា​ក្រោម​បាន​ធ្វើការ​និរទេស​ព្រះកាយ​ទៅ​ទីកន្លែង​សុវត្ថិភាព​បន្ទាប់ពី​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ចុះ​ឃាត់​ព្រះកាយ​ព្រះសង្ឃ​កម្ពុជា​ក្រោម​ពីរ​អង្គ​ដែល​កំពុង​គង់​ក្នុង​វត្ត​អង្គតាមិញ​។
ព្រះតេជគុណ​ សឺន ហៃ សមត្ថកិច្ច​ឃាត់​ខ្លួន​កន្លង​មក​នៅពេល​បញ្ជូន​មក​តុលាការ​ ។

ព្រះតេជគុណ សឺន ហៃ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ ​៧ ​មករា ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៤ កន្លង​មក​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​សាលា​ដំបូង​រាជធានី​ចូលរួម​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​ស្ត្រី​បឹងកក់​ទាំង​ ៧ នាក់ ហើយ​ត្រូវ​សាលា​ដំបូង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ «ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ» និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​មួយ​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ២ លាន​រៀល និង​បាន​ដោះលែង​វិញ​ក្រោយពី​ជាប់​ឃុំ​អស់​ជាង​ ៥ ​ខែ​ បន្ទាប់ពី​មាន​ការ​ចរចា​នយោបាយ​បាន​ថ្លែង​ពី​កន្លែង​សុវត្ថិភាព​ថា ​ព្រះអង្គ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​មុន​ថ្ងៃ​ទី​ ១​ ខែ​សីហា​ ដែល​អាជ្ញាធរ​ចុះ​ទៅ​ស្វែងរក​ចាប់​ខ្លួន ​។
ព្រះអង្គ​មាន​ថេរដីកា​ថា៖ «​មិត្តភក្តិ​អាត្មា​បាន​ជូន​ដំណឹង​ជា​មុន​ អំពី​គម្រោង​ចាប់​ខ្លួន​ ដូច្នេះ​នៅពេល​ដែល​គេ​ចុះ​មក​ចាប់​អាត្មា​មិន​ឃើញ​​គេ​ក៏​ចាប់​កូន​សិស្ស​អាត្មា​ពីរ​​អង្គ​នោះ​តែ​ម្តង​។ មូលហេតុ​ដែល​គេ​ចង់​ចាប់​ខ្លួន​នោះ​គឺ​ដោយសារ​តែ​យើង​បាន​រិះគន់​បញ្ហា​ព្រំដែន​ជាមួយ​យួន»។
ព្រះអង្គ​បាន​មាន​ថេរដីកា​ថា​ព្រះអង្គ​ពុំ​មាន​បំណង​ណា​ជម្លៀស​ខ្លួន​ដើម្បី​គេចវេះ​ពី​បញ្ហា​ទាំងអស់​នោះ​ទេ​គឺ​ចង់​នៅក្នុង​ប្រទេស​ដើម្បី​តតាំង​ជាមួយ​អាជ្ញាធរ​​ ប៉ុន្តែ​អ្នក​ដែល​ស្គាល់​បាន​ប្រាប់​ថា​ឲ្យ​និមន្ត​ចេញ​សិន​ទៅ​ពី​ព្រោះ​គេ​បាន​រៀបចំ​គម្រោង​ចាប់​ទៅ​ហើយ​ដោយ​មាន​យក​ភ័ស្តុតាង​ដាក់​បន្ទុក​ដូច​គ្រឿង​ញៀន កំាបិត ដំបង​ជាដើម​គឺ​គេ​មិន​ឲ្យ​រួច​ខ្លួន​ទេ​ ។
ព្រះអង្គ​ថា៖ «​អាត្មា​នឹង​មក​វិញ​អាត្មា​មិន​ចាកចេញ​ពី​ប្រទេស​កំណើត​ទេ​ប៉ុន្តែ​បើ​មិន​ចាកចេញ​មាន​តែ​គេ​ចាប់​ដាក់​គុក​ដូច្នេះ​គ្មាន​អ្វី​តតាំង​នឹង​គេ​ទេ។ អាត្មា​ជាប់គុក​នៅ​វៀតណាម​ដោយសារ​តែ​រឿង​តវ៉ា​ទាមទារ​សិទ្ធិ​រត់​មក​ដល់​ស្រុក​ខ្មែរ​សង្ឃឹម​ថា​មាន​ទី​ជម្រក​មួយ​​ដើម្បី​ធ្វើ​ការ​តវ៉ា​ជាមួយ​វៀតណាម​តែ​ត្រូវ​អាជ្ញាធរ​កម្ពុជា​តាម​ធ្វើ​បាប​អាត្មា​ទៀត​»។
ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា​ព្រះអង្គ​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​បន្ទាប់ពី​ចេញ​ព្រះវស្សា​ដើម្បី​ឲ្យ​អាជ្ញាធរ​ខ្មែរ​ធ្វើការ​ចាប់​ខ្លួន​ពីព្រោះ​ព្រះអង្គ​ពុំ​មាន​​ចេតនា​ណា​មួយ​រត់​ចោល​ប្រទេស​នោះ​ទេ​ប៉ុន្តែ​គ្រាន់​តែ​ថយ​មួយ​ជំហាន​ដើម្បី​រក​វិធីសាស្ត្រ​ប៉ុណ្ណោះ​។
ព្រះអង្គ​មាន​សង្ឃដីការ​ថា៖ «ជីវិត​អាត្មា​បាន​លះបង់​ដើម្បី​ជាតិ​ទៅ​ហើយ​ប៉ុន្តែ​សោកស្តាយ​ដែល​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​មិន​គាំទ្រ​ទង្វើ​ព្រះសង្ឃ​ស្នេហា​ជាតិ​បែរ​ជា​គំរាម​សម្លាប់​ចាប់​ដាក់​គុក​ជាដើម​ ។ អាត្មា​សុំ​ឲ្យ​អាជ្ញាធរ​មេត្តា​ដោះលែង​កូន​សិស្ស​អាត្មា​ឲ្យ​មាន​សេរីភាព​វិញ​»។
សូម​រឭក​ថា​កាលពី​ថ្ងៃ​ទី​ ០១ ខែ​សីហា ឆ្នាំ​ ២០១៥ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ​ប្រមាណ​ ៥០ ​​នាក់​រួម​ទាំង​ជនស៊ីវិល​ ២០ ​នាក់​​ផ្សេង​ទៀត និង​មាន​ធម្មកា​ផង​នោះ​បាន​ចុះ​ឃាត់​ព្រះកាយ​ព្រះសង្ឃ​កម្ពុជា​ក្រោម​ពីរ​អង្គ​ដែល​​កំពុង​គង់​ក្នុង​វត្ត​អង្គតាមិញ​ដោយ​អះអាង​ថា​រកឃើញ​ភ័ស្តុតាង កាំបិត ដំបង និង​ភ័ស្តុតាង​មួយ​ចំនួន​ទៀត​ក្នុង​កុដិ​ដែល​អាជ្ញាធរ​ចោទ​ខុស​ច្បាប់​សាសនា​។
លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ និង លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​មិន​អាច​ទាក់​ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ​។
លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ លីកាដូ​ បាន​ថ្លែង​ថា​ចំពោះ​ការ​ចាប់​ព្រះសង្ឃ​ពីរ​អង្គ​កន្លង​មក​នេះ​នៅ​មាន​មន្ទិល​សង្ស័យ​ច្រើន​តាំងពី​ការ​ឆែកឆេរ​វត្ថុតាង​ជាដើម​ដោយសារ​តែ​ព្រះសង្ឃ​លោក​ធ្លាប់​និមន្ត​ចូលរួម​តវ៉ា​រឿង​ទឹកដី​កម្ពុជា​ក្រោម​ជាពិសេស​ចុងក្រោយ​នេះ​គឺ​រឿង​ព្រំដែន​តែ​ម្តង។
លោក​បាន​ថ្លែង​ថា៖ «​តាម​ពិត​បំណង​គឺ​ចង់​រក​ព្រះតេជគុណ​ សឺន ហៃ ទេ​ប៉ុន្តែ​ទោះបី​ជា​ព្រះតេជគុណ​និមន្ត​ទៅ​ដល់​ណា​ក៏ដោយ​បើ​គេ​ចង់​ចាប់​គឺ​នៅ​តែ​ចាប់​បាន​ទេ​ដូច​យើង​មើល​ឃើញ​ករណី​កន្លង​មក​»៕

No comments: