ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Tuesday, August 04, 2015

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ផ្តល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត និង​និស្សិត​ក្រីក្រ កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ
​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក ថ្ងៃអាទិត្យ​ទី ០២ សីហា ២០១៥ ម្សិលមិញ​នេះ បានធ្វើ​ពិធី​ចែក​អាហារូបករណ៍​ដល់​សម​ណ​និស្សិត និង​និស្សិត​ក្រីក្រ​ចំនួន ២៤ អង្គ និង​នាក់ ក្រោម​អធិបតីភាព ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ វត្ត​បទុម​វ​តី រាជ​វ​រា​រាម ។​
ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ ។
ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ ។
ពិធី​ចែក​អាហារូបករណ៍​នេះ មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​គណៈកម្មការ សមាជិក​-​សមាជិកា សិស្ស​-​និស្សិត នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ជាង ១០០ អង្គ និង​នាក់ ។​

ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ យឿ​ង តារា បាន​មាន​ថេរ​ដិ​កា ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា នៅ​ឆ្នាំ ២០១៥ នេះ ជា​លើក​ទី ៦ ហើយ ដែល​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បានផ្តល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ក្រីក្រ កំពុង សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) នៅតាម​បណ្តា​សាកលវិទ្យាល័យ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ២៤ អង្គ និង​នាក់ ។ ក្រៅពីនេះ ក៏បាន​រៀបចំ​ពិធី​ជូន​សិ​ក្ខូ​បក​រណ៍​ដល់​ប្អូនៗ សិស្សានុសិស្ស ជា​កូនអ្នកក្រីក្រ​មាន​ជីវភាព​ខ្វះខាត​ជាខ្លាំង​ផងដែរ ។

​ព្រះតេជព្រះគុណ យឿ​ង តារា បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ២០១០ រហូតមកទល់ នឹង​បច្ចុប្បន្ននេះ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បានផ្តល់​អាហារូបករណ៍ ៥០ ភាគរយ​ដល់ សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម សរុប​ចំនួន ៩៤ អង្គ និង​នាក់ ដោយ​ក្នុង ១ អង្គៗ និង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ២៥០$ ។ ព្រះតេជព្រះគុណ យឿ​ង តារា បញ្ជាក់​បន្ថែមថា សម្រាប់​ឆ្នាំ ២០១៥ បានផ្តល់​អាហារូបករណ៍​ច្រើនជាង​ឆ្នាំមុនៗ ដោយ​ក្នុងនោះ នៅក្នុង​ប្រទេស​កម្ពុជា មាន ២៤ អង្គ​/​នាក់ និង ២ អង្គ កំ​ពុ​សិស​ក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​ប្រទេស​ឥណ្ឌា ។​
​ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ វត្ត​បទុម​វ​តី ជា​អធិបតីភាព ក្នុង​ពិធី​ចែក​អាហារូបករណ៍​លើក​ទី ៦ នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​សម្តែង ការគាំទ្រ​ចំពោះ​សកម្មភាព​ដ៏​ប្រពៃ​នេះ ហើយ​ព្រះអង្គ​ក៏បាន​ជម្រុញ​ឲ្យ​សប្បុរសជន​បន្ត​ការគាំទ្រ និង​ឧបត្ថម្ភ​ដល់ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង សង្គមជាតិ ជាពិសេស​បណ្តុះបណ្តាល​ធ​ន​ធាន​សមណ​និស្សិត និង​និស្សិត​ខ្មែរក្រោម ។​

​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ម្ចាស់ជំនួយ​មួយរូប ផង​នោះ លោក ថើ​ស ចន្ទ្រា សម្តែង​ពី​អារម្មណ៍​ត្រេកអរ ដោយបាន​ឃើញ​សប្បុរសជន​កាន់តែ​ច្រើនឡើង ៗ បន្ត​ការគាំទ្រ និង​ឧបត្ថម្ភ​ទាំង​ស្មារតី និង​សម្ភារៈ ដល់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ លោក​ថា ការឧបត្ថម្ភ​នេះ បាន​ជួយ​ដោះស្រាយ និង​សម្រាល​បន្ទុក​មួយចំណែក​ធំ​ដល់​ការសិក្សា​របស់ សមណ​និស្សិត និង​និស្សិត​ខ្មែរក្រោម ដែល​កំពុង​ជួបប្រទះ​ខ្វះខាត ក្នុង​ការរៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ ។​

ជាមួយគ្នានេះដែរ លោក​អំពាវនាវ​ទៅកាន់​ម្ចាស់ជំនួយ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ឲ្យ​បន្ត​គាំទ្រ សកម្មភាព​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សម្ព័ន្ធ​មានលទ្ធភាព​​រៀប​ចំពិធីប្រគេន និង​ជូន​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស ​និង​បញ្ជូនសមណ​និស្សិត​ទៅ​បន្ត​ការសិក្សា នៅឯ​បរទេស នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត ។​

តាមរយៈ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សមណ​និស្សិត​-​និស្សិត និង​ប្អូនៗ ជា​សិស្សានុសិស្ស ដែល​ទទួល អាហារូបករណ៍​ពី​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និង​ពី​ម្ចាស់ជំនួយ​នោះ បាន​សម្តែង​នូវ អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ហើយ​បាន​ថ្លែង​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការខិតខំ​ប្រឹងប្រែង​សិក្សារៀនសូត្រ​មិន​ឲ្យ​ខក់បំណង​ពី​ម្ចាស់ជំនួយ​ឡើយ ។ ជាងនេះ ទៅទៀត ពេល​បញ្ចប់​ការសិក្សា និង​ចូលរួម​បំពេញការងារ ដើម្បី​បម្រើ​ដល់​សង្គមជាតិ ជាពិសេស កិច្ចការងារ​សង្គមរ​បស់​ខ្មែរក្រោម ។​

​ជា​រៀងរាល់ឆ្នាំ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម តែង​ប្រកាស​ជ្រើសរើស​សមណ​និស្សិត ដើម្បី​បញ្ជូនទៅ​សិក្សា​នៅក្រៅ​ប្រទេស និង​ផ្តល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ក្រីក្រ នៅក្នុង​ប្រ​ទស​កម្ពុជា ។ ចាប់តាំងពី​ឆ្នាំ ២០០៧ រហូតដល់​បច្ចុប្បន្ន សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​សមណ​និស្សិត​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ថៃ ចំនួន ៨៩ អង្គ និង​នៅ​ឆ្នាំ ២០១៤ បញ្ជូន​សមណ​និស្សិត ១ អង្គ​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ឥណ្ឌា ។​
​ព្រះតេជព្រះគុណ យឿ​ង តារា ក្នុងនាម​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​សម្តែង​ការដឹងគុណ និង​ថ្លែងអំណរគុណ ចំពោះ​សប្បុរសជន​ទាំង​នៅក្នុង និង​ក្រៅប្រទេស ដែល​តែងតែ​លើកទឹកចិត្ត និង​ជួយឧបត្ថម្ភ​ថវិកា សម្រាប់​បំពេញ​នូវ​តម្រូវ​ការងារ​ប្រចាំឆ្នាំ ។ ជាពិសេស ជួយ​ជា​អាហារូបករណ៍​ដល់​សម​ណ​និស្សិត និង​និស្សិត​ក្រីក្រ​នាពេលនេះ ។ ទន្ទឹម នឹង​នេះដែរ ព្រះតេជព្រះគុណ យឿ​ង តារា នៅតែ​អំពាវនាវ​ដល់​ម្ចាស់ជំនួយ និង​សប្បុរសជន​ឲ្យ​បន្ត​ជួយ​គាំទ្រ​នូវ​រាល់ សកម្មភាព​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​បុព្វហេតុ​ដើ​ម្ប​បណ្តុះបណ្តាលធនធានមនុស្ស និង​ការចូលរួមចំណែក​ក្នុងការ​កសាង​សម​ង្គ​ម​ជាតិ ។​

សូមបញ្ជាក់ថា សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ ដែល​ទទួលស្គាល់ជា​ផ្លូវការ កាលពី​ថ្ងៃទី ២១ ខែម​ថុ​នា ឆ្នាំ ២០០២ ដោយ​ក្រសួងមហាផ្ទៃ ។ អង្គការ​មួយ​នេះ តែងតែ ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​រវាង សមណ​និស្សិត និង​និស្សិត​មាន​ដើមកំណើត​មកពី​ដែនដី​កម្ពុជា​ក្រោម ឲ្យ​មានការ​សាមគ្គី​ជា​ធ្លុង​មួយ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​សិក្សា​រៀនសូត្រ ផ្សព្វផ្សាយ​វប្បធម៌ និង​ប្រពៃណី​របស់ខ្លួន​ជាដើម ៕

IMG_0146IMG_0151IMG_0161IMG_0210IMG_0223IMG_0484IMG_0502IMG_0505

No comments: