ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Thursday, August 13, 2015

សន្និសីទសារព័ត៌ស្ដីពីការចាប់ព្រះសង្ឃខ្មែរកម្ពុជាក្រោមផ្សឹក នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៥

យោងតាមសេចក្ដីជូនដំណឹងមួយរបស់ អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលមិនបានចុះកាលបរិច្ឆេទ និងបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook នៅពេលថ្មីៗនេះថា ខ្លួននឹងរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៥ ចាប់ពីវេលាម៉ោង ៨ ព្រឹក នៅវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោម នៅទីក្រុងភ្នំពេញ ស្ដីពីការ ចាប់ព្រះសង្ឃខ្មែរកម្ពុជាក្រោមផ្សឹកនាពេលកន្លងទៅនេះ ។



យោងតាមលិខិតនេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម សូម អញ្ជើញអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ឲ្យចូលរួមឃ្លាំមើល និងយកព័ត៌មានតាមការគួរ ។

លិខិតដដែលបានបញ្ជាក់ថា "ការចូលរួមរបស់ស្ថាប័ណ្ណអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានគឺ ជាការចូលរួមរកយុត្តិធម៌ជូនព្រះសង្ឃរងគ្រោះដែលត្រូវបានតុលាការពុករលួយ និងអាជ្ញាធរគ្មានគុណធម៌ចាប់ផ្សឹក" ។

សូមបញ្ជាក់ថា សង្ឃខ្មែរក្រោមពីរអង្គ គឺ ភិក្ខុ ដាវ ទេព និង ភិក្ខុ ជា វណ្ឌា ស្នាក់នៅវត្តអង្គតាមិញ ទី ក្រុងភ្នំពេញ ទើបតែត្រូវអាជ្ញាធររបស់ លោក ហ៊ុន សែន នៃប្រទេសកម្ពុជា ចាប់ផ្សឹកកាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៥ កន្លងទៅថ្មីៗនេះ ។ ការចាប់ខ្លួនព្រះសង្ឃ ២ អង្គនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចអះអាងថា ពួកគេបានរកឃើញសម្ភារៈជាវត្ថុតាងមួយចំនួននៅក្នុងកុដិរបស់ព្រះអង្គ មានដូចជា អាវុធ និងគ្រឿងញៀន ជាដើម ។ តែមតិប្រជាជនលើកឡើងថា អាជ្ញាធរខ្មែរបានយក របស់ទាំងនេះមកដាក់បង្កើតភស្តុតាង ដើម្បីចាប់ព្រះសង្ឃ ព្រោះព្រះសង្ឃទាំងនេះធ្លាប់បានចេញបាតុ កម្ម ប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមនៅទីក្រុងភ្នំពេញ នាពេលកន្លងមក ។

ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ លោក សឺន ជុំជួន នាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ តាមរយៈទូរស័ព្ទលេខ៖ 011724583 ។ ព្រះចៅអធិការវត្តសាមគ្គីរង្សី ភិក្ខុ ថាច់ ហា សំអាង តាមរយៈទូរស័ព្ទលេខ 0976447475

No comments: