ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Friday, August 07, 2015

យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមរៀន វគ្គបណ្ដុះបណ្ដាលផ្នែកសិទ្ធិមនុស្សអន្តរជាតិ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានព្រះសង្ឃ និងគ្រហស្ថនៅអឺរ៉ុប ទើបតែបានបញ្ចប់ការ ចូលរួម សិក្សាវគ្គបណ្ដុះបណ្ដាលផ្នែកសិទ្ធិមនុស្សអន្តរជាតិ (International Human Rights Training)  ជាមួយ មន្រ្តីសិទ្ធិមនុស្សនៃអង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ជា ភាសាអង់គ្លេស ថា UNPO នៅការិយាល័យ អង្គ UNPO នាទីក្រុងឡាអេ ប្រទេសហូឡង់ ។ វគ្គសិក្សានេះ មានរយៈពេល ៣ ថ្ងៃ គឺ ចាប់ពី ថ្ងៃទី ៥ ដល់ទី ៧ ខែសីហា ដើម្បីបណ្ដុះបណ្ដាលផ្នែកសិទ្ធិមនុស្សអន្តរជាតិដល់ក្រុម យុវជនមកពីអង្គការជាសមាជិករបស់ អង្គការ UNPO នៅជុំវិញពិភពលោកឲ្យក្លាយជាសកម្មជនតស៊ូមតិដើម្បីការពារសិទ្ធិមនុស្សអន្តរជាតិ ។
ក្រុមព្រះសង្ឃ និងយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមកាន់ទង់ជាតិកម្ពុជាក្រោម ពេលបញ្ចប់ការសិក្សា ។ រូបថត លី សឿង
ក្រុមព្រះសង្ឃ និងយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមកាន់ទង់ជាតិកម្ពុជាក្រោម ពេលបញ្ចប់ការសិក្សា ។ រូបថត លី សឿង

លោក លី សឿង អតីតព្រះសង្ឃខ្មែរក្រោមដែលត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារក្នុង ព្រឹត្តិការណ៍ ៨ កុម្ភៈ ឆ្នាំ ២០០៧ ហើយសព្វថ្ងៃ បានតាំងទីលំនៅ នៅប្រទេសហូឡង់ ដែលបានចូលសិក្សា វគ្គបណ្ដុះបណ្ដាលនេះដែរនោះ បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម ថា  ព្រះសង្ឃ និងយុវជនសហព័ន្ធខ្មែរ កម្ពុជាក្រោម ដែលចូលសិក្សានោះរួមមាន ព្រះតេជព្រះគុណ កឹម សែត, ព្រះតេជព្រះគុណ  ទ្រី ស៊ីណាវ, ព្រះ តេជព្រះគុណ កឹម ចក, ព្រះតេជព្រះគុណ ឡាយ ឡាត, និង ចន្ទ័ សូធា ។
យោងតាមគេហទំព័រអង្គការ UNPO វគ្គសិក្សាបណ្ដុះបណ្ដាលផ្នែកសិទ្ធិមនុស្សអន្តរជាតិដែលមាន ឈ្នោះថា "Speak Out" ឆ្នាំនេះ គេបង្រៀនឲ្យយុវជនមានការយល់ដឹង និងចេះនូវរបៀបតស៊ូផ្ដោតលើចំណុចមួយ ចំនួនដូចជា បញ្ហាប្រឈមរបស់ជនជាតិដើមនៅក្នុងសតវត្សរ៍ទី ២១ , សិទ្ធិមនុស្សរបស់ជនជាតិដើម, ការតស៊ូ មតិនៅក្នុងអង្គការសហប្រជាជាតិ, ការបញ្ចុះបញ្ចូលសភាអឺរ៉ុប និងយុទ្ធសាស្ត្រទំនាក់ទំនង ផ្នែកតស៊ូមតិជា ដើម ។
វគ្គបណ្ដុះបណ្ដាលផ្នែកសិទ្ធិមនុស្សអន្តរជាតិ Speak Out នេះ ត្រូវអង្គការ UNPO បើករៀងរាល់ឆ្នាំ ហើយ ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏តែងតែបានចុះឈ្មោះចូលសិក្សាជាបន្តបន្ទាប់ផងដែរ ។
អង្គការ UNPO បានទទួលស្គាល់ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិករបស់ខ្លួន ចាប់តាំងពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០១ មក ។ តាមរយៈ​ការចូល​សមាជិក​នៃ​អង្គការ​អន្តរជាតិមួយនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​នៅលើ​ឆាក​អន្តរជាតិ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បក្ស​ក​ម្មុយនិ​ស្ត​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោមម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ។​
​យោងតាម​គេហទំព័រ​ជា​ផ្លូវការ​របស់​អង្គការ UNPO បាន​បញ្ជាក់ថា អង្គការ​នេះ ជា​ក្រុម​ចលនា​អន្តរជាតិ​មួយ ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី អហិង្សា និង​លទ្ធិប្រជាធិបតេយ្យ តំណាង​ឲ្យ​ក្រុម​ជនជាតិដើម​, ជនជាតិភាគតិច និង​ជនជាតិ​នៅតាម​ដែនដី​ដែល​ត្រូវបាន​គេ​វាតទី​យក ហើយ​មិនមាន​ការទទួលស្គាល់ ។ បច្ចុប្បន្ន អង្គការ UNPO មាន​ប្រជាជាតិ​ជា​សមាជិក​ចំនួន ៤៣ នៅក្នុង​ពិភពលោក ។ ពួក​ប្រជាជាតិ​ជា​សមាជិក UNPO ទាំង​នោះបាន​រួបរួមគ្នា​ធ្វើការ​តស៊ូ ដើម្បី​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​,  ការពារ​វប្បធម៌​របស់ ពួកគេ​មិន​ឲ្យ​បាត់បង់ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ទប់ស្កាត់​រាល់​វិបត្តិ​ដែល​ជះឥទ្ធិពល​មក លើ​ខ្លួន​ពី​សំណាក់​បរទេស ឬ ពី​ប្រទេស​ដែល​ដាក់​អាណានិគម​លើ​ខ្លួន ។​
​អង្គការ UNPO បាន​បង្កើតឡើង កាលពី​ឆ្នាំ ១៩៩១ នៅ​វិមាន​សន្តិភាព (Peace Palace) នាទី​ក្រុងឡាអេ (The Hague) នៃ​ប្រទេស​ហូ​ឡង់ ដោយមាន​ការចូលរួម​ពី​សហ​ស្ថាបនិក​ចាប់ពី​ចំនួន ១៥ ជា​សមាជិក ។ បន្ទាប់ពី ២៤ ឆ្នាំ ដែល​អង្គការ UNPO បាន​បង្កើតឡើង មាន​សមាជិក​កើន​កើនឡើង​ដល់​ជាង ៧០ ហើយ​បច្ចុប្បន្ននេះ មាន​សមាជិក​នៅសល់​ចំនួន ៤៣ តែប៉ុណ្ណោះ បន្ទាប់​សមាជិក​មួយចំនួន បាន​ឯករាជ្យ ហើយ​សមាជិក​មួយចំនួន​ត្រូវ​ដាច់​សមាជិកភាព ព្រោះ​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​ដែល UNPO តម្រូវការ ។​
យោងតាម​គោលការណ៍​របស់​អង្គការ UNPO សមាជិក​ទាំងអស់ រួមទាំង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមផង ត្រូវ គោរព​គោល​ធំៗ​ចំនួន ៥ គឺ អហិង្សា​, សិទ្ធិមនុស្ស​, លទ្ធិប្រជាធិបតេយ្យ​, សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន ឯង​, ការពារ​បរិស្ថាន និងការយោគយល់ ៕​

No comments: