ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Sunday, August 02, 2015

ព្រះសង្ឃកម្ពុជាក្រោមពីរអង្គគង់នៅវត្តអង្គតាមុិញត្រូវសមត្ថកិច្ចឃាត់ព្រះកាយ​

ពលរដ្ឋ​អះអាងថា សមត្ថកិច្ច​ចម្រុះ ប្រមាណ ​៥០ ​នាក់ ចុះ​ចាប់​ព្រះកាយ​ព្រះសង្ឃ​កម្ពុជា​ក្រោម ពីរ​អង្គ​គង់នៅ​វត្ត​អង្គ​តា​ម៉ិញ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សោ​រ៍នេះ​​​ ។
ព្រះសង្ឃកម្ពុជាក្រោមពីរអង្គដែលសមត្ថកិច្ចឃាត់ព្រះកាយ ។  (រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក)
​អ្នកឃើញ​ហេតុការណ៍​នេះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់ វី​អូ​ឌី (VOD)​ នៅ​ថ្ងៃ​នេះ​ថា នៅ​ម៉ោង​ប្រមាណ​ជា ៩​ព្រឹក សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ ប្រមាណ ​៥០ ​នាក់  រួមទាំង​ជន​ស៊ីវិល ២០​ នាក់​ផ្សេង​ទៀត និង​មាន​ធម្មកា   ​(​គណៈ ​គ្រប់គ្រង​វត្ត​) ផង​នោះ បាន​ចុះ​ឃាត់​ព្រះកាយ​ព្រះសង្ឃ​កម្ពុជា​ក្រោម​ពីរ​អង្គ​ដែល​កំពុង​គង់​ក្នុង​វត្ត​អង្គ​តា​មិញ​នេះ ​​។​
លោក​បន្តថា តាម​គម្រោង​សមត្ថកិច្ច​ចុះ​ឃាត់​ព្រះកាយ ព្រះអង្គ​សឺ​ន ហាយ តែ​ដោយសារ​ព្រះសង្ឃ​អង្គ​ មិន​គង់នៅ​វត្ត សមត្ថកិច្ច​ក៏​ចូល​ឆែកឆេរ នៅ​កុដិដែល​ព្រះ​តេជគុណ សឺ​ន​ហាយ ​ធ្លាប់​គង់​នៅ ហើយ​ក៏​ចាប់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​កុដិ​នោះ​តែម្តង​​ ។​
លោក​ថា ដោយឡែកព្រះសង្ឃ​កម្ពុជា​ក្រោម​ពីរ​អង្គ​ផ្សេង​ទៀត​ដែល​ទើប​និមន្ត​មក​ពី​បិណ្ឌបាត​វិញ ក៏​សមត្ថកិច្ច​ចាប់​ព្រះកាយ​ផងដែរ​​ ។ បើ​តាម​ប្រភព​លាក់​ឈ្មោះ​រូបនោះ ព្រះសង្ឃ​កម្ពុជា​ក្រោម​ព្រះនាម ដាវ ទេព ត្រូវ​ចាប់​ទៅ​ផ្សឹក​នៅ​វត្ត​ជម្ពុះ​វ័ន្ត ចំណែក​ព្រះសង្ឃ​ពីរ​អង្គ​ផ្សេង​ទៀត​ត្រូវ​នាំទៅ​សួរនាំ​បន្តទៀត​ ។​
​វី​អូ​ឌី ​(VOD) មិនទាន់​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាលរង​ខណ្ឌ​ពោធិ​សែន​ជ័យ​លោក ហែម ដារិ​ទ្ឋ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​​ ។ ចំណែក​ធម្មកា ​( (​គណៈ​គ្រប់គ្រង​វត្ត​) ដែល​ចុះ​ឃាត់ខ្លួន​ព្រះកាយ​ព្រះសង្ឃ​នោះ វី​អូ​ឌី ​(VOD) មិនទាន់​អាច​ទាក់ទង​​ដើម្បី​សុំ​ការបំភ្លឹ​ពី​មូលហេតុ​នៃ​ការឃាត់ព្រះកាយព្រះសង្ឃបាន​នៅឡើយ​ទេ​ ។​
​គួរបញ្ជាក់​ថា ព្រះ​តេជគុណ សឺ​ន ហាយ ដែល​មក​ពី​កម្ពុជា​ក្រោម ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​មើលឃើញថា ជា​ព្រះសង្ឃដែល​តែងតែ​ចេញ​តស៊ូ​មតិ​ជាមួយ​អ្នក​មាន​ជម្លោះ​ដីធ្លី​​ និង​ប្រឆាំង​នឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោមពីសំណាក់អតីតអ្នកនាំពាក្យស្ថានទូតវៀតណាមនៅកម្ពុជា ។​
ព្រះសង្ឃ​អង្គ​នោះ  ក៏​ធ្លាប់​ដុត​ទង់ជាតិ​វៀតណាម នៅមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ផងដែរ ខណៈ​ដែល​ពល​ ខ្មែរ​រដ្ឋ​ទាមទារ​ឲ្យ​មន្ត្រី​វៀតណាម​សុំ​ទោស​ជា​សាធារណៈ​រឿង វៀតណាម​បំភ្លឺ​ប្រវត្តិសាស្ត្រ​ថា  កម្ពុជា​ក្រោម ជា​ទឹកដី​របស់​ខ្លួន​​ ៕ ​

No comments: