ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Sunday, August 02, 2015

អាជ្ញាធរ​​ឃាត់​ខ្លួន​​ព្រះសង្ឃ​​កម្ពុជា​​ក្រោម​​ពីរ​​អង្គ​​ពាក់​ព័ន្ធ​​រឿង​​គ្រឿង​ញៀន​

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុង និង មន្ត្រី​ធម្មការ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ចុះទៅ​ត្រួតពិនិត្យ​រដ្ឋបាល​នៅក្នុង​វត្ត​អង្គ​តា​ម៉ិ​ញ​ក្នុង​សង្កាត់​ចោមចៅ ។ ក្នុង​ប្រតិបត្តិការ​នោះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​ព្រះសង្ឃ​ពីរ​អង្គ​ដែលជា​ព្រះសង្ឃ​កម្ពុជា​ក្រោម បន្ទាប់ពី​រកឃើញថា ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន និង​សម្ភារៈ​មួយចំនួនទៀត ។
ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជំពូវ័ន្ត ក្រោយ​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី ​១ ខែសីហា ឆ្នាំ​ ២០១៥ ។
រូបថត យាង សុជាមេត្តា l RFA


អាជ្ញាធរ​ចម្រុះ បាន​រកឃើញ​នៅក្នុង​កុដិ​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ នូវ​គ្រឿងញៀន​មួយកញ្ចប់​តូច ដាវ​សាំ​មា​រ៉ៃ ១ កូនកាំបិត ១ ប៉័ងតោ ១ ស្រោមអនាម័យ ១ កញ្ចប់ និង​សម្ភារៈ​មួយចំនួនទៀត ។ បន្ទាប់ពី​ឃាត់ខ្លួន​នៅពេល​ព្រឹក ព្រះសង្ឃ​ទាំងពីរ​អង្គ​ក៏ត្រូវ​បាន​ផ្សឹក​នៅពេល​រសៀល និង បាន​បញ្ជូន​បន្តទៅ​សួរនាំ​តាម​នីតិវិធី​ច្បាប់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

គួរ​កត់សម្គាល់ថា ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​រដ្ឋបាល​របស់​អាជ្ញាធរ​នៅ​ព្រឹក​មិញ​នេះ បាន​ប្រើប្រាស់​កម្លាំង​ប្រមាណ​ជិត ១០០ នាក់ និង មិន​ឲ្យ​អ្នកកាសែត​ចូល​ថត និង​យក​ព័ត៌មាន​ផ្ទាល់​នោះទេ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​កូនសិស្ស​ព្រះសង្ឃ​មួយរូប​ដែល​បាន​តាមដាន​រឿងនេះ​យ៉ាង​ដិតដល់ ។ កូនសិស្ស​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ បាន​ឲ្យ​ដឹងផង​ដែរ​ថា ការចាប់ខ្លួន​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ ទំនង​ជាប់​ពាក់ព័ន្ធ​នឹង​ព្រះសង្ឃ​សឺ​ន ហាយ ។ ព្រះសង្ឃ​ សឺ​ន ហាយ ដែលជា​និច្ច​ជា​កាល បានមក​គង់នៅ​ជាមួយ​ព្រះសង្ឃ​ទាំងពីរ​នៅក្នុង​វត្ត​អង្គ​តា​ម៉ិ​ញ។ កូនសិស្ស​ដដែល បាន​បន្ថែមថា គោល បំណង​ ពិតប្រាកដ​របស់​អាជ្ញាធ​រ គឺ​មិនមែន​ព្រះសង្ឃ​ទាំងពីរ​ទេ ពោលគឺ​សំដៅ​ព្រះសង្ឃ ​សឺ​ន ហាយ ប៉ុន្តែ​នៅ​ព្រឹក​មិញ​ព្រះអង្គ​មិនបាន​គង់នៅ​ក្នុង​កុដិ​នោះឡើយ ។

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​នោះទេ​ចំពោះ​ការចោទប្រកាន់​នេះ។ ក៏ប៉ុន្តែ​លោក​ ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា តាម​ការរកឃើញ​រប​ស់​អាជ្ញាធរ​បង្ហាញថា ព្រះសង្ឃ​ទាំងពីរ​អង្គ​ គឺ​ខុស​ទាំង​ផ្លូវច្បាប់ និង​លើ្ម​សនឹង​វិន័យ​ក្នុង​ព្រះពុទ្ធសាសនា​ថែមទៀត ដែល​រហូតដល់​ឃាត់ខ្លួន និង​ផ្សឹក​ភា្លមៗបែបនេះ ។

សូមបញ្ជាក់ថា ព្រះសង្ឃ​កម្ពុជា​ក្រោម​ដែល​អាជ្ញាធរ​ឃាត់ខ្លួន​នេះ ក្នុងនោះ​ព្រះសង្ឃ​មួយអង្គ​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ព្រះសង្ឃ ​សឺ​ន ហាយ ក្នុងការ​តវ៉ា​នានា ដូចជា​ការធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​និង ការចូលរួម​ទៅពិនិត្យ​មើល​តំបន់​ព្រំដែន​ជាដើម ។ លោក​ណៃ វង់​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស​របស់​សមាគម អាដហុក (Adhoc) ដែល​កំពុង​តាមដាន​រឿងនេះ បាន​កត់សម្គាល់ថា ករណីនេះ​មិន​ខុសពី​ករណី​ចាប់ខ្លួន​ព្រះសង្ឃ​កម្ពុជា​ក្រោម​ដែល​សកម្ម​នឹង​ការចូលរួម​តវ៉ា​រឿង​សង្គម​នាពេល​កន្លងមក​នោះទេ ។ យ៉ាងណាក៏ដោយ លោក​ណៃ វង់​ដា គូសបញ្ជាក់ថា សមាគម​អាដហុក​នឹង​នៅតែ​បន្ត​ឃ្លាំមើល​ករណី​ឃាត់ខ្លួន​ព្រះសង្ឃ​កម្ពុជា​ក្រោម​នេះ​តទៅទៀត ៕ RFI


No comments: