ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Wednesday, July 08, 2015

សាខា KKF ប្រចាំរដ្ឋ Washington នឹងរំឭកខួប ១៤ ឆ្នាំ ថ្ងៃ KKF ចូលជាសមាជិក UNPO

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington នឹងប្រារព្ធខួប ១៤ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោម  បានចូលជាសមាជិកពេញសិទ្ធិនៃអង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ជាភាសាអង់គ្លេសថា UNPO នៅ ថ្ងៃទី ២៥ ខែកក្កដា ខាងមុខនេះ ។ ពិធីនេះ មានការចូលរួមពី លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរ កម្ពុជាក្រោមជាអធិបតី និង លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីថ្លែង ការអំពីសកម្មភាពថ្មីៗរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងលទ្ធផលកដែលខ្មែរក្រោមបានទទួលក្រោយពី ១៤ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកអង្គការ UNPO ។
speakour-the-hague
ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម សិក្សាវគ្គសិក្សាសិទ្ធិមនិស្ស “Speak Out” នៅការិយាល័យអង្គការ UNPO នាទីក្រុង ឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១២ ។ រូបថត៖ UNPO
នេះជាកម្មវិធីមួយដែលសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងការអបអរ សាទរចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកអង្គការប្រជាជាតិគ្មានតំណាង កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ។
ចាប់តាំងពីឆ្នាំ ២០០១ មក សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលហៅកាត់ជាភាសាអង់គ្លេសថា KKF មាន មូលដ្ឋាននៅសហរដ្ឋអាមេរិក បានចូលជាសមាជិកអង្គការអន្តរជាតិ ជាច្រើន ដូចជា សហព័ន្ធកីឡាទូក ប្រណាំងអន្តរជាតិ (IDBF), វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII)  , វេទិកាអនុសញ្ញាអន្តរជាតិស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តី (Convention on the Elimination of All Forms of Discrimination Against Women) ហៅកាត់ថា CEDAW និងគណបក្សចម្រុះជាតិសាសន៍ (TPR) នៅអឺរ៉ុប ជាដើម ។
តាមរយៈការចូលសមាជិកនៃអង្គការអន្តរជាតិទាំងនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើតស៊ូមតិដោយសន្តិ វិធី និងអហិង្សានៅលើឆាកអន្តរជាតិជាច្រើននៅទូទាំងពិភពលោក ដើម្បីទាមទារឲ្យរដ្ឋាភិបាលបក្សកម្មុយ និស្តវៀតណាមគោរពសិទ្ធិខ្មែរក្រោម ម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។
យោងតាម​គេហទំព័រ​ជា​ផ្លូវការ​របស់​អង្គការ UNPO បាន​បញ្ជាក់ថា អង្គការ​នេះ ជា​ក្រុម​ចលនា​អន្តរជាតិមួយ ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី អហិង្សា និង​លទ្ធិប្រជាធិបតេយ្យ តំណាង​ឲ្យ​ក្រុម​ជនជាតិដើម​, ជនជាតិភាគតិច និង​ជនជាតិ​នៅតាម​ដែនដី​ដែល​ត្រូវបាន​គេ​វាតទី​យក ហើយ​មិនមាន​ការទទួលស្គាល់ ។ បច្ចុប្បន្ន អង្គការ UNPO មាន​ប្រជាជាតិ​ជា​សមាជិក​ចំនួន ៤៣ នៅក្នុង​ពិភពលោក ។ ពួកប្រជាជាតិជាសមាជិក UNPO ទាំងនោះបាន​រួបរួមគ្នា​ធ្វើ​ការតស៊ូ ដើម្បី​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​,  ការពារ​វប្បធម៌​របស់ ពួកគេមិន​ឲ្យ​បាត់បង់ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ទប់ស្កាត់រាល់​វិបត្តិ​ដែល​ជះឥទ្ធិពលមក លើខ្លួនពីសំណាក់បរទេស ឬ ពីប្រទេសដែលដាក់អាណានិគមលើខ្លួន ។
អង្គការ UNPO បាន​បង្កើតឡើង កាលពី​ឆ្នាំ ១៩៩១ នៅ​វិមាន​សន្តិភាព (Peace Palace) នាទី​ក្រុងឡាអេ (The Hague) នៃ​ប្រទេស​ហូ​ឡង់ ដោយមាន​ការចូលរួម​ពី​សហ​ស្ថាបនិកចាប់​ពី​ចំនួន ១៥ ជាសមាជិក ។ បន្ទាប់ពី ២៤ ឆ្នាំ ដែលអង្គការ UNPO បានបង្កើតឡើង មានសមាជិកកើនកើនឡើងដល់ជាង ៧០ ហើយបច្ចុប្បន្ននេះ មានសមាជិកនៅសល់ចំនួន ៤៣ តែប៉ុណ្ណោះ បន្ទាប់សមាជិកមួយចំនួន បានឯករាជ្យ ហើយសមាជិកមួយចំនួនត្រូវដាច់សមាជិកភាព ព្រោះមិនបានបំពេញតាមលក្ខខណ្ឌដែល UNPO តម្រូវ   ការ ។​
​យោងតាម​គោល​ការណ៍​របស់​អង្គការ UNPO សមាជិក​ទាំងអស់ រួមទាំង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផង ត្រូវគោរព​គោល​ធំៗ​ចំនួន ៥ គឺ អហិង្សា​, សិទ្ធិមនុស្ស​, លទ្ធិប្រជាធិបតេយ្យ​, សិទ្ធិ​សម្រេច​វាសនា​ខ្លួនដោយ​ខ្លួនឯង​, ការពារ​បរិស្ថាន និង ការយោគយល់ ៕​

No comments: