ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Saturday, July 18, 2015

KKF ចូលរួមកិច្ចប្រជុំលើកទី ៦១ នៃវេទិកា CEDAW នៅអង្គការសហប្រជាជាតិ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ចាប់ពីថ្ងៃទី ៦ ខែដល់ទី ២៤ ខែកក្កដា នេះ អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស បានបើកកិច្ច ប្រជុំលើកទី ៦១ នៃវេទិកាអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីហៅកាត់ជាភាសាអង់ គ្លេសថា ស៊ី-ដ (CEDAW) ។ កិច្ចប្រជុំនេះ អង្គការសហប្រជាជាតិបានផ្ដល់ឱកាស ២ ថ្ងៃ គឺ នៅថ្ងៃទី ៩ និងទី ១០ ខែកក្កដា សម្រាប់ការពិនិត្យលើរបាយការណ៍របស់វៀតណាម និងជាឱកាសដែលអ្នកជំនាញអង្គការសហប្រជាជាតិ បានសួរទៅតំណាងក្រុមអង្គការក្រៅរដ្ឋាភិបាលដើម្បីសរុបយោបល់ចោទសួរតំណាងរដ្ឋាភិបាលវៀតណាម ។
ក្រៅពីសេចក្ដីរាយការណ៍ជាផ្លូវការរបស់រដ្ឋាភិបាលវៀតណាម មានសេចក្ដីរាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាល មក ពីទីក្រុងហាណូយ ដែលដឹកនាំដោយប្រតិភូវៀតណាម មានតួនាទីជាអង្គការក្រៅរដ្ឋាភិបាលដើម្បីការពារសិទ្ធិមនុស្ស ហៅកាត់ជាភាសាអង់គ្លេសថា GONGO ជំនួសឲ្យ NGO ។ ចំណែកអង្គការក្រៅរដ្ឋាភិបាលនៅក្រៅប្រទេសដែល ជំទាស់នឹងរដ្ឋាភិបាវៀតណាម រួមមាន សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហៅកាត់ថា KKF , គណៈកម្មការការពារសិទ្ធិមនុស្សវៀតណាម, និង អង្គការសិទ្ធិមនុស្សស្ត្រីយួន” ជាដើម ។
Sothy July 6, 2015
អ្នកស្រី កៀង សុធី ប្រធានគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) (ឆ្វេង) និង នាង Licia Tran យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសអ៊ីតាលី តំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលថ្លែងការណ៍នៅក្នុង កិច្ចប្រជុំ CEDAW កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៥ ។
គណៈប្រតិភូវៀតណាមមកពីហាណូយមាន ១២ រូប ដឹកនាំដោយ លោក យ៉ង មៅ យ៉េប (Doãn Mậu Diệp) រដ្ឋមន្រ្តី ក្រសួងពលកម្ម និងយុទ្ធជនសង្គមពិការ ព្រមទាំងតំណាងក្រសួងការបរទេស, ក្រសួងយុត្តិធម៌, សុខាភិបាល, អប់រំ, និងក្រសួងផែនការវិនយោគ ។ នេះជារបាយការណ៍លើកទី ៧ និងទី ៨ ដែលវៀតណាមដាក់ចូលទៅគណៈកម្មការ សី-ដ ឲ្យបានមុនពេលប្រជុំ ។
អ្នកជំនាញនៃអង្គការសហប្រជាជាតិចំនួន ២៣ រូប នៃគណៈកម្មការ សី-ដ ជាអ្នកចោទសួររដ្ឋាភិបាលវៀតណាម ពេញមួយថ្ងៃ ទី ១០ ខែកក្កដា លើវិស័យដែលអង្គការសហប្រជាជាតិមានក្ដីបារម្ភ ដូចជា ការប្រើអំពើហិង្សានៅក្នុង គ្រូសារ, ការជួញដូរស្ត្រី និងកុមារ, ស្រ្តីភេទដែលកើតជំងឺអេដស៍, ការបំពានលើសិទ្ធិបង្កើតទារក, ការរើសអើងភេទនៅ ក្នុងសៀវភៅសិក្សា, សិទ្ធិពលកម្ម, គំលាតមានក្រ, ជាពិសេស ក្រុមជនជាតិដើម ដូចជា Dega, ម៉ុងតៃញ៉ា នៅតំបន់ខ្ពង់ រាបភាគកណ្ដាលវៀតណាម និងជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម ជាដើម ។
នៅក្នុងថ្ងៃដំបូងនៃកិច្ចប្រជុំ គឺថ្ងៃទី ៦ ខែកក្កដា តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្លែងនៅចំពោះមុខអ្នកជំនាញ អង្គការសហប្រជាជាតិថា ស្ត្រីជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម រងការរើសអើង ២ ជាន់ និងបានស្នើឲ្យវៀតណាម អញ្ជើញអ្នករាយការណ៍ពិសេសទទួលបន្ទុកខាងសេរីភាព ចុះទៅត្រួតពិនិត្យស្ថានភាពជាក់ស្ដែងលើជីវភាពរបស់ស្រ្តីខ្មែរ នៅកម្ពុជាក្រោម ។
អ្នកស្រី កៀង សុធី តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងនៅក្នុងកិច្ចប្រជុំអំពីទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តី ខ្មែរក្រោមនៅកម្ពុជាក្រោម ។
យោងតាមគេហទំព័រអង្គការសហប្រជាជាតិដែលបានចេញផ្សាយថ្ងៃទី ៦ ខែកក្កដា ដោយស្រង់តាមសេចក្ដីថ្លែងការណ៍ និងអនុសាសន៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោមថា “ស្រ្តីជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម រងការរើសអើងពីរតម្រួត ឬ ពីរជាន់ពីរដ្ឋាភិបាលវៀតណាម ។ ការរើសអើងពីរជាន់នោះ គឺ ទីមួយ ព្រោះពួកគេជាខ្មែរក្រោម និង ទីពីរព្រោះពួក គេជាស្ត្រី” ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលវៀតណាមនិងអង្គប្រជុំថា ” វៀតណាម គួរតែអញ្ជើញអ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិទទួលបន្ទុកខាងសេរីភាពនៃការជួបជុំដោយសន្តិវិធី ដើម្បីចុះទៅស៊ើបអង្កេតលើសិទ្ធិរបស់ស្ត្រីខ្មែរក្រោម និងការបង្កើតសមាគម នៅកម្ពុជាក្រោម” ។
គេហទំព័រអង្គការសហប្រជាជាតិក៏បានស្រង់អនុសាសន៍របស់វាគ្មិនមកពីអង្គការសិទ្ធិមនុស្សដែលមានឈ្មោះថា វេទិកា សេរីភាពទាំងបួន (Four Freedoms Forum) ដែលបានថ្លែងដោយ នាង Licia Tran យុវជនសហព័ន្ធខ្មែរកម្ពុជា ក្រោមមកពីប្រទេសអ៊ីតាលី អំពីការរើសអើងផ្នែកអប់រំលើស្ត្រីខ្មែរក្រោមនៅកម្ពុជាក្រោមថា ” ការរើសអើងខាងវិស័យ អប់រំលើស្រ្តីមានភាសាកំណើតជាដើម ខ្មែរក្រោមត្រូវរដ្ឋាភិបាលវៀតណាមដកហូតនូវសិទ្ធិរៀនភាសាកំណើតរបស់ខ្លួន ព្រោះតែជីវភាពក្រីក្រ, សិស្សស្រីជាច្រើនបានបញ្ឈប់ការសិក្សាដើម្បីទៅស៊ីឈ្នួលគេចិញ្ចឹមគ្រួសារ” ។
បន្ទាប់ពី តំណាងអង្គការក្រៅរដ្ឋាភិបាលផ្ដល់អនុសាសន៍ដល់អ្នកជំនាញអង្គការសហប្រជាជាតិ មានព្រឹត្តិការណ៍មួយ ដែលបានកើតឡើងក្ដៅគគុកនៅក្នុងកិច្ចប្រជុំនោះ គឺ អ្នកជំនាញអង្គការសហប្រជាជាតិបានសួរទៅតំណាងរដ្ឋាភិបាល វៀតណាមម្ដងវិញ ។ សំនួរដំបូង ទាក់ទងនឹងស្ថានភាពអង្គការក្រៅរដ្ឋាភិបាលឯករាជ្យនៅវៀតណាម និងស្រ្តីការពារ សិទ្ធិមនុស្សដែលត្រូវធ្វើទារុណកម្ម និងការគំរាមកំហែងដែលបានផ្ដល់របាយការណ៍ដោយអង្គការក្រៅរដ្ឋាភិបាល ។
អ្នកស្រី Leinarte អ្នកជំនាញមកពីប្រទេស Lithuani សួរទៅរដ្ឋាភិបាលវៀតណាមថា៖
“សូមអស់លោក ជួយជម្រាបអំពីស្ថានភាពអង្គការសង្គមស៊ីវិលនៅប្រទេសវៀតណាម, តើសកម្មភាពរបស់ពួកគេ ប្រព្រឹត្តទៅយ៉ាងណាដែរ? ” ។
បន្ទាប់មកទៀត អ្នកស្រី Patten អ្នកជំនាញមកពីប្រទេស Mauritius បានលើកឡើងថា ៖
“ខ្ញុំចង់ដឹងថា តើវៀតណាមមានបានបង្កើតច្បាប់អ្វីសម្រាប់លើកកម្ពស់សិទ្ធិយែនឌ័រ និងមានគោលនយោបាយសម្រាប់ ការពារស្រ្តីដែលធ្វើសកម្មភាពការពារសិទ្ធិមនុស្សដែរឬទេ ? ជាពិសេស ច្បាប់សម្រាប់ការពារពួកគេចំពោះការបង្ក្រាប និងអនុញ្ញាតឲ្យពួកគេអាចធ្វើការរកស៊ីនៅក្នុងសហគមន៍ដោយមិនមានការភ័យខ្លាចនឹងការសងសឹក ? ពីព្រោះ យើងខ្ញុំ បានអាននូវរបាយការណ៍ជាច្រើនស្ដីអំពីស្រ្តីការពារសិទ្ធិមនុស្សត្រូវសមត្ថកិច្ចចាប់ខ្លួន និងសព្វថ្ងៃ ពួកគេកំពុងតែត្រូវឃុំ ឃាំងនៅក្នុងពន្ធនាគារនៅឡើយ ។ ខ្ញុំសូមអស់លោកជួយផ្ដល់ព័ត៌មានលម្អិតស្ដីពីស្ថានភាពជាក់ស្ដែងនៃមនុស្សដែល កំពុងតែត្រូវឃុំឃាំងផង” ។
លោក យ៉ង មៅ យ៉េប (Doãn Mậu Diệp) ប្រធានប្រតិភូវៀតណាមបានឆ្លើយថា៖
“នៅប្រទេសវៀតណាម គ្មានការហាមប្រាមណាមួយស្ដីពីការការពារសិទ្ធិមនុស្សនោះទេ ។ អ្នកដែលធ្វើសកម្មភាពនៅ ក្នុងក្របខណ្ឌច្បាប់ត្រូវបានការពារ ។ ខ្ញុំមានការភ្ញាក់ផ្អើល ។ ខ្ញុំមិនដែលបានទទួលដំណឹងថា ករណីធ្វើសកម្មភាព ការពារសិទ្ធិមនុស្សណាមួយត្រូវចាប់ខ្លួននោះឡើយ” ។
អ្នកស្រី Leinarte អ្នកជំនាញមកពីប្រទេស Lithuani បានតបទៅតំណាងវៀតណាមភ្លាមៗ ដោយលើកយកករណីស្ត្រី ជនជាតិយួនម្នាក់ ឈ្មោះ ត្រឹង ធី ង៉ា (Trần thị Nga) ដែលត្រូវនគរបាលវៀតណាមវាយដំកាលពីពេលថ្មីៗនេះ ហើយត្រូវប្រតិភូវៀតណាមឆ្លើយភ្លាមវិញថា ពួកគេមិនដែលបានទទួលដំណឹងអំពីករណីនេះទេ ។ គណៈកម្មការ សី-ដ បានទុក ឱកាសឲ្យប្រតិភូវៀតណាមចំនួន ៤៨ ម៉ោង ស៊ើបអង្កេតលើករណីនេះ ដើម្បីឆ្លើយតបនឹងអ្នកជំនាញ ។
អ្នកជំនាញ Lilian Hofmeister មកពីប្រទេសអូស្រ្តាលី បានលើកឡើងថា៖
” ស្ត្រី និងកុមារីនៅវៀតណាម ត្រូវគេចាត់ទុកជាពលរដ្ឋលំដាប់ទី ២ តាមប្រពៃណី និងវប្បធម៌ ជាការបំពានផ្នែកសិទ្ធិ មនុស្ស ។ ៣០ ឆ្នាំ ក្រោយពីវៀតណាមបានចុះហត្ថលេខាលើកតិកាសញ្ញាជាមួយ ស៊ី-ដ (CEDAW) ការឲ្យតម្លៃលើកូន ប្រុសនៅតែមាននៅក្នុងសង្គមវៀតណាម ដែលធ្វើឲ្យមិនមានតុល្យភាពនៅក្នុងការជ្រើសរើសកូនប្រុសស្រីក្នុងករណីរំលូត ទារកនៅក្នុងផ្ទៃ ។ វាមិនមានអ្វីសង្ស័យទៀតទេ ចំពោះការដែលកូនប្រុសមានសិទ្ធិអំណាចនៅក្នុងស្រុករបស់អស់ លោកនោះ ។ តើអស់លោកមានគោលនយោបាយអ្វីខ្លះដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរចំពោះអាកប្បកិរិយា បិតាធិបតេយ្យ ដែលវាកំពុងតែគំរាមរាល់ថ្ងៃដល់ការរស់នៅរបស់កុមារី និងស្ត្រី ? តើអស់លោកមាន
នយោបាយអ្វីខ្លះដើម្បីទប់ស្កាត់ការ រំលូតកូនស្រី, ការបង្ខំឲ្យកុមារីរៀបការ, ការជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើកុមារី” ។
ក្នុងរយៈពេល ៥ ម៉ោង អ្នកជំនាញអង្គការសហប្រជាជាតិ បានចោទសួរ បានធ្វើឲ្យតំណាងរដ្ឋាភិបាលវៀតណាម ខ្មាស់អៀនយ៉ាងខ្លាំងនៅចំពោះមុខសហគមន៍អន្តរជាតិ ។ ជាក់ស្ដែង ដូចជាអ្នកស្រី Acosta អ្នកជំនាញមកពី Peru បានសួរអំពីច្បាប់ដីធ្លី ។ អ្នកស្រីបានលើកឡើងអំពីច្បាប់ដីធ្លីឆ្នាំ ២០១៣ បានអនុញ្ញាតស្ត្រីជាមួយនឹងប្ដីឈរឈ្មោះ នៅលើសៀវភៅកម្មសិទ្ធិដីធ្លី ។ តែជាក់ស្ដែងវាយ៉ាងណា ? មានស្រ្តីប៉ុន្មានភាគរយដែលបានឈរឈ្មោះជាមួយប្ដី ? និង មានស្ដ្រីមេម៉ាយប៉ុន្មាននាក់បានបាត់ដីកេរពេលប្ដីស្លាប់ទៅ?
លោក យ៉េប បានឆ្លើយថា៖
“យន្តការ និងការស៊ើបអង្កេតលើបញ្ហាដីធ្លី វាជាយន្តការមួយសំពីងសំពោងខ្លាំងណាស់ ។ អឺ… មិនមែនសំពីងសំពោង ទេ តែវាសែនស្មុគស្មាញអំពីច្បាប់កម្មសិទ្ធិដីធ្លី ។ គឺវាស្មុគស្មាញខ្លាំងណាស់ ។ ចំពោះចំនួនមនុស្សប៉ុន្មាននាក់ ..ប៉ុន្មាន នាក់ ព័ត៌មាននេះ វាច្បាស់លាស់ណាស់ថា វាមានការប្រែប្រួលរាល់ថ្ងៃ ។ ការងារនៅយូរអង្វែងណាស់ ។ អំពីព័ត៌មាន នេះ យើងខ្ញុំសូមទោស ព្រោះយើងខ្ញុំក្ដាប់មិនបានទេ ។
សំនួរណាដែលតំណាងវៀតណាមឆ្លើយមិនបាន គណៈកម្មការបានទុកឱកាសឲ្យ ៤៨ ម៉ោង ដើម្បីតំណាងវៀតណាម ឆ្លើយនៅពេលក្រោយ ។
នៅថ្ងៃទី ២៤ ខែកក្កដា ខាងមុននេះ គណៈកម្មការ សី-ដ (CEDAW) នឹងប្រកាសលទ្ធផលនៃកិច្ចប្រជុំស្ដីពីការពិនិត្យ មើលលើរបាយការណ៍របស់ប្រទេសវៀតណាម និងដាក់ចេញនូវអនុសាសន៍សម្រាប់ការអនុវត្តជាក់ស្ដែង ដើម្បីការពារ និងលើកកម្ពស់សិទ្ធិស្ត្រីដែលមានចែងនៅក្នុងកតិកាសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តី នៃអង្គការសហប្រជាជាតិ ៕

No comments: