ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Thursday, June 18, 2015

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅ Stockton ប្រារព្ធទិវា ៤ មិថុនា

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Stockton រដ្ឋ California ទើបតែបានប្រារព្ធកម្មវិធី ខួប ៦៦ ឆ្នាំ នាំទិវា ៤ មិថុនា កាលពីថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា កន្លងទៅនេះ ដើម្បីរំឭកដល់ថ្ងៃប្រវត្តិសាស្រ្តដែល បារាំង បានកាត់ដែនដីកូស័ងស៊ីន ឬ កម្ពុជាក្រោម ឲ្យវៀតណាម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៥៩ ។ ពិធីនេះ ប្រារព្ធនៅសមាគមអប្សរា ក្រោយការដឹកនាំរបស់ លោក ម៉ៅ រ៉ាឌី ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Stockton ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម មួយចំនួន ដូចជា លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម, ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន អនុប្រធានប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជានិពន្ធនាយក សារព័ត៌មាន ព្រៃនគរ, ព្រះតេជព្រះគុណ កាន សុផាណារិទ្ធ ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលមូលដ្ឋាននៅ ប្រទេសកម្ពុជា, លោក ថាច់ តង ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់អាមេរិកភាគខាងលិច, លោក លី ខោន ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose, លោក លូ លិនថាយ និង លោក គឹម មិត្ត ព្រមទាំងសមាជិសហព័ន្ធខ្មែរកម្ពុជាក្រោមមួយចំនួនទៀត ។ ក្រៅពីនេះ ក៏មានការចូលរួមពី ក្រុមតំណាងសាខាគណ បកសង្គ្រោះជាតិនៅក្នុងតំបន់មួយនេះ ផងដែរ ។
លោក ចៅ សេរី ធ្វើបទបង្ហាញអំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដល់អ្នកចូលរួម ។
លោក ចៅ សេរី ធ្វើបទបង្ហាញអំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដល់អ្នកចូលរួម ។
បន្ទាប់ពីព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន បានអាននូវសារស្ដីពី ខួប ៦៦ នៃ ទិវា ៤ មិថុនា របស់អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងអំពី សកម្មភាពថ្មីៗរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែបំពេញបេសកម្មនៅលើឆាកអន្តរជាតិដើម្បី ជម្រុញឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្ត វៀតណាមគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុកនៅដែនដីកម្ពុជាក្រោម ។ ការ ថ្លែងទៅកាន់អ្នកចូលរួមដោយមាន ការបញ្ចាំងរូបថតអមជាមួយផងនោះ លោក ចៅ សេរី បានលើកយក សកម្មភាពមួយចំនួនដែលសហព័ន្ធខ្មែរ កម្ពុជាក្រោមបានធ្វើក្នុងឆមាស ៦ ខែចុងក្រោយនេះ មានដូចជា ការចូលថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) កាលពីខែមេសា កន្លងទៅនេះ, ការដាក់ពាក្យ ចូលជាសមាជិក ក្រុមប្រឹក្សាសង្គម និងសេដ្ឋកិច្ច នៃអង្គការ សហប្រជាជាតិ (ECOSOC) កាលពីពីខែ ឧសភា, ការចូលរួមប្រជុំនៅជាមួយប្រឹក្សាសិទ្ធិ មនុស្សស្ដី ពីសេរីភាពសាសនាអន្តរជាតិ នៅការិយាល័យ កណ្ដាល នៃអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ប្រ ទេសស្វិស កាលពីខែមីនា និងការចូលទៅជួប មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីជម្រាបអំពី ស្ថានភាព រំលោភសិទ្ធិមនុស្ស និងសាសនានៅ កម្ពុជាក្រោម ជាដើម ។
អ្នកចូលរួម ។
អ្នកចូលរួម ។
ទាក់ទងនឹងប្រវត្តិនៃការប្រារព្ធពិធីបុណ្យខួបបាត់បងទឹកដីកម្ពុជាក្រោម លោក ចៅ សេរី បានបញ្ជាក់ថា អ្នកដែលផ្ដើមគំនិតឲ្យមានកម្មវិធីនេះឡើងមិនគេបង្អស់ គឺ លោក សឺង ទួន ជាអតីតប្រធានសហព័ន្ធខ្មែរ កម្ពុជាក្រោម ដែលោកបានអនិច្ចកម្មទៅកាលពីឆ្នាំ ២០០៧ នៅសហរដ្ឋអាមេរិក ។
នៅចុងបទបង្ហាញ លោក ចៅ សេរី បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងតែដើរលើផ្លូវនៃការតស៊ូ មួយដ៏ត្រឹមត្រូវ ទើបធ្វើឲ្យរដ្ឋាភិបាលវៀតណាមមានការព្រួយបារម្ភជានិច្ច ហើយហ៊ានចេញមុខតតាំងជាមួយ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅគ្រប់ទីកន្លែងនៃកិច្ចប្រជុំអន្តរជាតិនានា ដែលកាលពីមុនរដ្ឋាភិបាលវៀតណាម មើលរំលងចំពោះសកម្មភាពតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមថា ជារឿងឥតប្រយោជន៍ ហើយពួកគេមិនខ្ចី អើពើដល់ឡើយ ។ លោក ចៅ សេរី បានលើកយកសម្ដីមួយឃ្លារបស់ មហាត្មៈ គន្ធី រដ្ឋបុរសនៃប្រទេស ឥណ្ឌា និងជាបុរសនិមិត្តរូបឲ្យការតស៊ូដោយអហិង្សាមកបញ្ជាក់ប្រាប់ដល់អ្នកចូលរួមថា “ដំបូងគេមើលងាយ យើង, បន្ទាប់មកគេសើចចំអកឲ្យយើង, បន្ទាប់មកគេច្បាំងជាមួយយើង និងបន្ទាប់មកទៀត យើងឈ្នះ” ៕

No comments: