ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Thursday, June 18, 2015

បេសកម្មរបស់ លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម នៅអឺរ៉ុប

ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែបំពេញបេសកកម្មនៅអឺរ៉ុប ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការសហប្រជាជាតិឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម និងចូលរួមពិធីបុណ្យខួប ៦៦ ឆ្នាំ នៃទិវា ៤ មិថុនា ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមបណ្ដាប្រទេសនានាបានរៀបចំ ដើម្បីរំឭកដល់ថ្ងៃដែល បារាំងបានកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។
លោក ថាច់ ង៉ុក ថាច់ នៅអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ  ប្រទេសស្វិស  ។ រូបថត ថាច់ វាសនា
លោក ថាច់ ង៉ុក ថាច់ នៅអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ប្រទេសស្វិស ។ រូបថត ថាច់ វាសនា
ក្នុងដំណើរបេសកកម្មនេះ លោក ថាច់ ង៉ុក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានជួប​សមាជិក​សភា​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី ​១៦ និង​ថ្ងៃ​ទី ​១៧ ខែ​មិថុនា នា​ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​បែលហ្ស៊ិក (Belgium)  និង បានជួបមន្រ្តីអគ្គស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នាទីក្រុងហ្សឺណែវ ប្រទេស ស្វិស នៅថ្ងៃទី ៩ ខែមិថុនា កន្លងទៅនេះ ។
នៅទីក្រុងប៊្រូសែល លោក ថាច់ ង៉ុក ថាច់ បាន​លើក​យក​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​នៅ​កម្ពុជា​ក្រោម ប្រាប់​ដល់​សមាជិក​សភា​សហភាព​អឺរ៉ុប និង​អំពាវនាវ​ឲ្យ​ពួក​គេជំរុញ​ទៅ​រដ្ឋាភិបាល​វៀតណាមគោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោមនៅ ដែនដែនកម្ពុជាក្រោម ។
នៅ​ក្នុងកិច្ចប្រជុំជាមួយនឹង​សមាជិក​សភា​សហភាព​អឺរ៉ុប ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ​បាន​លើក​ឡើងអំ​ពី​បញ្ហា​ជាច្រើន ដែល​ខ្មែរ​ក្រោម​កំពុងតែ​ជួប​ប្រទះ ក្នុង​នោះ ​មាន​ដូចជា បញ្ហា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចគ្រួសារ ការ​បោះបង់​ចោល​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ទៅ​ធ្វើ​ជា​កម្មករ​រោងចក្រ ឬ ​អ្នក​បម្រើ​គេ​នៅ​តាម​ទីក្រុង និង​ពី​ការ​រឹតត្បិត​នានា​ពី​សំណាក់​អាជ្ញាធរ​បក្សកុម្មុយនិស្តវៀតណាម ។
លោក ថាច់ ង៉ុក ថាច់ បានមាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី ​១៧ ខែមិថុនា ថា ភាព​ក្រីក្រ​របស់​ខ្មែរ​ក្រោម មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​តែ​ទៅ​លើ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​ដល់​ការ​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា និង​ការ​ថែរក្សា​នូវ​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ​ក្រោម ​ទៀត​ផង ។
លោក ថាច់ ង៉ុក ថាច់ បានបញ្ជាក់ថា៖
«យើង​បាន​ជជែក ឧទាហរណ៍​ថា ព្រោះ​ខ្មែរ​ក្រោម​ស្រែ​វា​ទាក់ទង​ដល់​រឿង​សេដ្ឋកិច្ច រឿង​ចិញ្ចឹម​ក្រពះ តែ​កាលណា​យើង​ខ្វះខាត យើង​ក្រ លទ្ធិ​ជំនឿ​សាសនា​ទៅ​ណា ព្រោះ​ថា បើ​កាលណា​បង​ប្អូន​ក្រ​រត់​ចោល​ស្រុក​ភូមិ ព្រះសង្ឃ​ដែល​ជា​អ្នក​បណ្តុះបណ្តាល​សាសនា ផ្សព្វផ្សាយ​សាសនា ក៏​អន់​ថយ​ទៅ​តាម​ហ្នឹង​ដែរ។ ព្រះសង្ឃ​យើង​ត្រូវ​ថយ​ចង្ហាន់ មិន​មាន​អ្នក​សាង​ផ្នួស​ច្រើន នេះ​ជា​បញ្ហា»។
លោក ថាច់ ង៉ុក ថាច់ បានអះអាង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចង់​ឲ្យ​សហភាព​អឺរ៉ុប ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​ប្រទេស​វៀតណាម ដែរ​នោះ លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម ធ្វើ​យ៉ាង​ណា​ឲ្យ​ផល​ដែល​ទទួល​បាន​ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច ធ្លាក់​ដល់​ដៃ​ជនជាតិ​ទាំងអស់​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​មិន​ត្រឹម​តែ​ជនជាតិ​យួនមួយ​នោះ​ទេ ។ លោក​ថា សមាជិក​សភា​សហភាព​អឺរ៉ុប លោក គ្រី ស្ទៀន ដែន ប្រេដា (Cristian Dan Preda) សន្យា​ថា នឹង​លើក​យក​សំណើ​របស់​ខ្មែរ​ក្រោម​ទៅ​ជជែក​ជាមួយ​នឹង​សមាជិក​សភា​សហភាព​អឺរ៉ុប ដទៃ​ទៀត ។
​កិច្ចពិភាក្សារវាង​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ និង​សមាជិក​សភា​សហភាព​អឺរ៉ុប និង​មន្ត្រី​មួយ​ចំនួន​ទៀត​របស់​សហភាព​អឺរ៉ុប ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ព្រះសង្ឃ​ខ្មែរ​ក្រោម ២ ​អង្គ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​ឃ្លាំង ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ដាក់​គុក​តាំង​ពី​ឆ្នាំ ​២០១៣ មិន​ទាន់​ត្រូវ​​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ ។
លោក ថាច់ ង៉ុក ថាច់ ឲ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​ជួបសមាជិក​សភា​សហភាព​អឺរ៉ុប តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី ​៩ មិថុនា ក៏​បាន​ជួប​ជាមួយ​តំណាង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​ជំនឿ​សាសនា និង​តំណាង​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ផង​ដែរ ។
លោក ថាច់ ង៉ុក ថាច់ មាន​ប្រសាសន៍​ថា នៅ​ក្នុងកិច្ចជួបពិភាក្សា​ពេល​នោះ ខ្មែរ​ក្រោម​បាន​លើក​ឡើង​ពី​ករណី​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ២ ​អង្គ គឺ​ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ដាក់​គុក​ដោយសារ​តែ​ពួក​គាត់​តវ៉ា​ទាមទារ​ឲ្យ​មាន​សាលា​រៀន​ភាសា​ខ្មែរ​នៅ​ក្នុង​វត្ត និង​ដោយសារ​តែ​ពួក​គាត់​មាន​ទំនាក់ទំនង​ជាមួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស ។
ក្រៅ​ពី​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​លើក​ឡើង​ពី​ការ​រឹតត្បិត​របស់​អាជ្ញាធរ​កុម្មុយនីស្ត​វៀតណាម ដែល​ហាមប្រាម​មិន​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម ប្រើប្រាស់​ត្រា​វត្ត​ជា​អក្សរ​ខ្មែរ ហើយ​បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ប្ដូរ​ឈ្មោះ​ត្រា​វត្ត​ទៅ​ជា​អក្សរយួនវិញ ។ ខ្មែរ​ក្រោមចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម នេះថា ​ជា​ការ​ប៉ុនប៉ង​លុប​បំបាត់​អត្តសញ្ញាណ និង​ឈ្មោះ​វត្ត​អារាម​របស់​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ។
បន្ថែម​ពី​លើ​នេះ ក្នុង​កិច្ចពិភាក្សា​ជាមួយ​តំណាង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏​បាន​លើក​ឡើង​ពី​បញ្ហា​លំបាក​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ក្នុង​ប្រទេស​ថៃ ដែល​កំពុង​ព្យាយាម​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​កាន់​ប្រទេស​ទី​ ៣ ផង​ដែរ ។ បើ​តាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ​មាន​ប្រមាណ ១០០​ នាក់ ។ ពួក​គេ​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​ក្រោម ដូចជា ខេត្ត​ព្រះត្រពាំង ខេត្ត​ឃ្លាំង និង​ខេត្ត​ពលលាវ ជាដើម ។
លោក ថាច់ ង៉ុក ថាច់ អះអាង​ថា ខ្មែរ​ក្រោម​ទាំងអស់​នោះ​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ គឺ​ដើម្បី​រត់​គេច​ចេញ​ពី​ការ​តាម​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម  ក្នុងនោះ មាន លោក លី ចិន្ដា អតីតព្រះសង្ឃនៅវត្តព្រៃជាប់ ខេត្តពល លាវ ដែលត្រូវ អាជ្ញាធរវៀតណាមចាប់ផ្សឹក ហើយច្រកចូលបាវយកទៅធ្វើទារណកម្ម កាលពីឆ្នាំ ២០១៣ ក៏កំពុងភៀសខ្លួននៅប្រទេស ថៃដែរ ។
ប្រភពពី លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បន្ទាប់ពីបំពេញបេសកកម្មនៅអឺរ៉ុប លោក ថាច់ ង៉ុក ថាច់ នឹងធ្វើដំណើរត្រឡប់ទៅផ្ទះនៅប្រទេសកាណាដា ហើយនឹងចេញពីកាណាដា មករដ្ឋ California សហរដ្ឋ អាមេរិក នៅថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ ដើម្បីចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំអន្តរជាតិមួយ ក្នុងឱកាសខួប ៧០ ឆ្នាំ នៃការបង្កើតអង្គការសហប្រជាជាតិ និងខួប ១០ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមសន្និបាត “ធម្មនុញ្ញនៃ អង្គការសហប្រជាជាតិយើងជាមនុស្ស” នៅទីក្រុង San Francisco ៕
ខាងក្រោមនេះ  ជារូបថត ខួប ៦៦ ឆ្នាំ នៃទិវា ៤ មិថុនា ដែលប្រារព្ធដោយសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៥ ។ រូបថត ថាច់ វាសនា
KKF at Itily 1KKF at Itily 2KKF at Itily 3KKF at Itily 4KKF at Itily 5KKF at Itily 6KKF at Itily 7KKF at Itily 8KKF at Itily 9KKF at Itily 10KKF at Itily 11KKF at Itily 12KKF at Itily 13KKF at Itily 14KKF at Itily 15

No comments: